ព័ត៌មានអន្តរជាតិ

១ទសវត្សរ៍ ដែលគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ កំពុងបង្កើនរស្មីពន្លឺ ដល់មនុស្សជាតិ

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានចាប់ប្រកាសជាផ្លូវការដោយឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០១៣ កន្លងមក ហើយដែល បានចូលរួម ដោយក្រុមបណ្តាប្រទេសនានា ជាច្រើនលើសលុប គឺជាការរំលឹកឡើងវិញ ជាប្រវត្តិសាស្រ្តផ្លូវសូត្រ បុរាណត្រូវបានបង្កើតឡើង កាលពីជាង ២០០០ឆ្នាំមុន ដោយចាប់ប្រភពចេញពីក្រុងស៊ីអាន ប្រទេសចិនឆ្លង កាត់ប្រទេសជាច្រើន នៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ ឧបទ្វីបអ៊ីតាលី នាសម័យបុរាណ ដែលមានប្រវែងផ្លូវសរុប៦៤៤០គីឡូម៉ែត្រ ដោយក្នុងស្មារតីជាផ្លូវ សម្រាប់ធ្វើទំនាក់ទំនងមិត្តភាព ច្រើនជាងផ្លូវ ធ្វើពាណិជ្ជកម្ម ។ នៅក្នុងដំណើរការ នៃការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនចិន និងប្រជាជនរបស់ប្រទេសដទៃទៀត នៅតាមបណ្តោយផ្លូវ ច្បាស់ណាស់ថា ស្មារតីផ្លូវសូត្រដែលបង្ហាញពីសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ ការរួមបញ្ចូល ឬបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះបានកើតមានឡើង។ មនុស្សជាតិបាននិងកំពុងបន្តកេរ្តិ៍តំណែលនិងបន្តឆ្ពោះទៅមុខនូវស្មារតីផ្លូវសូត្រ ដោយរួមបញ្ចូលការអភិវឌ្ឍរបស់ប្រទេសចិនជាមួយនឹងការអភិវឌ្ឍប្រទេសដទៃទៀតដែលបានចូលរួមនៅក្នុងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»នេះ ក៏ដូចជាក្តីសុបិនចិន ជាមួយនឹងក្តីសុបិនរួម របស់មនុស្សជាតិលើពិភពលោក។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមអស់រយៈពេល១ទសវត្សរ៍កន្លងមក បានឆ្លងកាត់ចម្ងាយរាប់ពាន់គីឡូម៉ែត្រ និងអស់រយៈពេលរាប់ពាន់ឆ្នាំ ផ្លូវសូត្របុរាណជាតំណាងឲ្យស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ ហើយដែលស្មារតីផ្លូវសូត្រ បានក្លាយទៅជាបេតិកភណ្ឌដ៏ អស្ចារ្យនៃអរិយធម៌របស់មនុស្សជាតិ ។
តាមកំណត់ត្រាប្រវត្តិសាស្រ្ត ដែលជាអ្នកបង្ហាត់បង្ហាញមួយដ៏ល្អបំផុត របស់មនុស្សជាតិ បានគូសបញ្ជាក់ពីភាពរុងរឿង របស់ផ្លូវសូត្របុរាណ ដែលបានចេញដំណើរពីប្រទេសចិន ដោយបានបង្ហាញថា ចម្ងាយភូមិសាស្រ្តមិនមែនជារឿងដែលមនុស្សជាតិមិនអាចយកឈ្នះបានទេ។ ប្រសិនបើមនុស្សជាតិ នៃបណ្តាប្រទេសទាំងអស់ចូលរួមឈានជំហានដ៏ក្លាហានមួយឆ្ពោះទៅរកគ្នាទៅវិញទៅមក នោះមនុស្សជាតិទាំងមូល នឹងអាចចាប់ផ្តើម ដំណើរឆ្ពោះទៅរកមិត្តភាព ការអភិវឌ្ឍរួម សន្តិភាព ភាពសុខដុមរមនា និងអនាគតកាន់តែល្អប្រសើរ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។

គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ដែលជាមាគ៌ាអស់រយៈពេល១ទសវត្សរ៍កន្លងមក ក្នុងការអនុញ្ញាត ឲ្យប្រទេសទាំងអស់រួមគ្នា ក្នុងការអនុវត្តការបើកចំហ គ្រប់ជ្រុងជ្រោយ គឺជាវេទិកាដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ ស្របតាមបច្ចុប្បន្នភាព នៃសម័យកាល។ ប្រទេសចិនដែលជាអ្នកផ្តួចផ្តើមគំនិតនេះតែងបានបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនដោយអនុវត្តពឹងផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រដ៏សំបូរបែបដើម្បីផ្តល់នូវផលប្រយោជន៍ដល់មនុស្សជាតិនៃបណ្តាប្រទេសទាំងអស់ ដែលស្ថិតនៅតាមបណ្តោយផ្លូវសូត្រនេះយ៉ាងជាក់ច្បាស់ ជាក់ស្តែងគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ នេះ មានប្រទេស ចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខា ជាមួយប្រទេសចិន លើឯកសារសហប្រតិបត្តិការ ចំនួនជាង២០០ ឯកសារស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»។ ការណ៍នេះបង្ហាញជាខ្លឹមសារតក្កភាពថា គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» គឺជាមាគ៌ាអភិវឌ្ឍ ប្រកបដោយមោទកភាព របស់មនុស្សជាតិ ដោយលុបបំបាត់ បានទាំងស្រុង នូវគំនិត បែបរវើរវាយគ្មានការពិត របស់បណ្តា ប្រទេសមួយចំនួន តូចដែលគិតខុសទាំងស្រុងថាគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» គឺជាការបង្កើត«អន្ទាក់បំណុល» ឬជាការធ្វើអនុត្តរភាពក្នុងតំបន់។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានផ្តួចផ្តើម អស់រយៈពេល១ទសវត្សរ៍កន្លងមក ដោយប្រទេសចិន និងអនុញ្ញាតឲ្យប្រទេស ដែលបានចូល រួមទាំងអស់រួមគ្នា អនុវត្តយ៉ាងពេញទំហឹង ដោយប្រកាន់យកនូវវិធីសាស្រ្ត សន្តិភាពពហុភាគីនិយម ដើម្បីសម្រេច បាននូវផលប្រយោជន៍រួម របស់បណ្តា ប្រទេសទាំងអស់ និងប្រទេសចិន ។ ជាក់ស្តែង យោងតាមរបាយការណ៍ របស់ធនាគារពិភពលោក បានបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្ម នៃភាគីចូលរួមកើនឡើង៤,១% រីឯការបណ្តាក់ទុនពីបរទេសកើនឡើង ៥% និងបានជំរុញ ឱ្យផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសមាន ចំណូលទាបកើនឡើង៣,៤% ស្របនឹងប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាមិនមាន ការស្ទាក់ស្ទើរ ជាមួយការគាំទ្រគំនិត ផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» ព្រោះគំនិតផ្តួចផ្តើមនេះ ទាក់ទិនជាមួយការអភិវឌ្ឍ ដោយមិនទុក ប្រទេសណាមួយជាសត្រូវទេ ហើយក៏មិនរារាំងការអភិវឌ្ឍរបស់ប្រទេសណាមួយនោះដែរ ប៉ុន្ដែផ្ទុយទៅវិញបានផ្ដល់នូវផលប្រយោជន៍សម្រាប់យើង។
ជារួម រយៈពេលអស់ ១ទសវត្សរ៍កន្លងមកនេះ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ដែលមានឬសគល់ពីផ្លូវសូត្រ បុរាណរាប់ពាន់ឆ្នាំបានបន្តស្មារតី របស់ខ្លួនដោយបើកចំហយ៉ាងទូលំទូលាយ ផ្តល់ដល់បណ្តាប្រទេសទាំងអស់រួមគ្នា អាចក្លាយជាដៃគូនិងរួមគ្នា អនុវត្តតាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់ យ៉ាងទូលំទូលាយ ហើយគ្រប់គ្នាគួរតែទទួល បានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ ។ បន្ថែមពីលើនេះ ពិភពលោកនឹងមិន មានអ្វីស្ទាក់ស្ទើរ ក្នុងកិច្ចការរួមសហការគ្នា បន្តជ្រោងទង់ដើម្បីបង្កើនល្បឿន នៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» សម្រាប់រយៈពេលរាប់ ទសវត្សរ៍បន្តទៀត ដើម្បីរក្សានូវអមតភាព នៃផលប្រយោជន៍ មហិមាជូនដល់មនុស្សជាតិ ។ ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នក ស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន

To Top