ព័ត៌មានអន្តរជាតិ

កាតា ដើរតួនាទីសំខាន់ ក្នុងកិច្ចព្រមព្រៀង ដោះដូរអ្នកទោសអ៊ីរ៉ង់-អាមេរិក

គ៊ែរ ៖ ក្រសួងការបរទេសកាតា បានឲ្យដឹងថា ប្រទេសកាតា បានដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវ កិច្ចព្រមព្រៀងដោះដូរ អ្នកទោសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Majed bin Mohammed Al Ansari អ្នកនាំពាក្យ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសកាតា ក្នុងនាមជាអ្នកសម្រុះ សម្រួលអន្តរជាតិ ដែលអាចទុកចិត្តបាន បានដើរតួនាទីយ៉ាងសំខាន់ និងមានប្រសិទ្ធភាពក្នុង ការសម្រេចបាននូវការឯកភាពគ្នា រវាងភាគីទាំងពីរ” ។

លោក Al Ansari បានលើកឡើងថា “លទ្ធផលដែលរំពឹងទុក” គឺមុននឹងដំណើរទស្សនកិច្ចយ៉ាងយកចិត្តទុកដាក់ និងដឹកជញ្ជូនដោយមន្ត្រីកាតា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ព្រមទាំងកិច្ចប្រជុំដោយផ្ទាល់ និងដោយប្រយោលជាមួយភាគីទាំងពីរ។

លោកបានបន្ដថា តួនាទីកាតា មិនឃ្លាតឆ្ងាយពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិផ្សេងទៀតនោះទេព្រោះវា “ស៊ីសង្វាក់គ្នាជាមួយ” កិច្ចខិតខំប្រឹងប្រែងរបស់អូម៉ង់ និងអ្នកសម្របសម្រួលអឺរ៉ុប។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា លោកសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវ សម្រាប់ការវិលត្រឡប់ទៅកាន់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកជឿថា មានសារៈសំខាន់ខ្លាំង សម្រាប់កាតា និងតំបន់ជាទូទៅ។

គួរបញ្ជាក់ថា ថ្មីៗនេះ អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការដោះលែងពលរដ្ឋ ដែលត្រូវបានឃុំខ្លួនជាច្រើន នាក់ពីគ្នាទៅវិញទៅមក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top