ប៉ារីស ៖ ក្រសួងការបរទេសបារាំង ដែលបានធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អំពីកងទ័ពរបស់ប្រទេស ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានផ្លាស់ប្តូរពីប្រទេស នីហ្សៀ ទៅកាន់ប្រទេសឆាដ ដែលជាប្រទេសជិតខាងនោះ បានឲ្យដឹងថា ទាហាននៅតែត្រូវបាន ដាក់ពង្រាយ នៅក្នុងប្រទេសនីហ្សៀ ប៉ុន្តែមិនបានធ្វើការកត់សម្គាល់ណាមួយទាក់ទង នឹងការដកទ័ពរបស់ពួកគេ នាពេលអនាគតនោះទេ។
កាលពីដើមខែសីហា មេដឹកនាំយោធារបស់នីហ្សៀ បានទាមទារឱ្យកងកម្លាំងបារាំងចាកចេញពីប្រទេសនៅដើមខែកញ្ញា។ កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មេបញ្ជាការកងកម្លាំងបារាំងនៅនីហ្សៀ បានជូនដំណឹងដល់អគ្គសេនាធិការរបស់ថ្នាក់ដឹកនាំយោធានីហ្សៀ អំពីចេតនារបស់ទីក្រុងប៉ារីស ក្នុងការផ្លាស់ទី “ទាហានជិត ៤០នាក់” ពីប្រទេសនីហ្សៀទៅកាន់ប្រទេសឆាដ។
ប្រភពបានឲ្យដឹងថា “កងកម្លាំងបារាំងដែលមានវត្តមាន ក្នុងប្រទេសនីហ្សេរីយ៉ា គឺនៅទីនោះ ដូចអ្នកដទៃទៀតដែរ តាមសំណើរបស់អាជ្ញាធរ ស្របច្បាប់របស់ប្រទេស ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ជាមួយអាជ្ញាធរស្របច្បាប់ ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម ។
ក្រសួងបានឲ្យដឹងនៅក្នុងការឆ្លើយតប ជាលាយលក្ខណ៍អក្សរ ចំពោះសំណួរថាតើកងទ័ពបារាំង ត្រូវបានដកចេញពីប្រទេសនីហ្សៀ យើងបានផ្អាកកិច្ចសហប្រតិបត្តិការយោធា ក៏ដូចជាអន្តរកម្មស៊ីវិល ចាប់តាំងពីការកាន់កាប់យោធាមកម្ល៉េះ។
ការកាន់កាប់យោធាមួយបានកើតឡើង នៅក្នុងប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃទី២៦ ខែកក្កដា ដោយប្រធានាធិបតីនីហ្សៀលោក Mohamed Bazoum ត្រូវបានបណ្តេញចេញពីតំណែង និងឃុំខ្លួនដោយឆ្មាំរបស់លោកផ្ទាល់ ដែលដឹកនាំដោយឧត្តមសេនីយ៍ Abdourahamane Tchiani ។
ប្រទេសលោកខាងលិចភាគច្រើន ក៏ដូចជាសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានថ្កោលទោសការផ្លាស់ប្តូរអំណាចរបស់ប្រទេសនេះ ហើយនៅដើមខែសីហា ECOWAS បានអនុម័តផែនការមួយ សម្រាប់អន្តរាគមន៍យោធាដ៏មានសក្តានុពលនៅក្នុងប្រទេសនីហ្សៀ៕
ប្រែសម្រួល ឈូក បូរ៉ា