ទ្រីប៉ូលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សចំនួន៥៥នាក់បានស្លាប់ និង១២៦នាក់រងរបួស នៅក្នុងពេលរប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ី ដែលបានចាប់ផ្តើមកើតឡើងកាលពីថ្ងៃចន្ទ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះរួមមានជនស៊ីវិល និងបុគ្គលិកសន្តិសុខ ខណៈសាកសពជាច្រើននៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ការប៉ះទង្គិចគ្នាដោយអំពើហឹង្សាបានផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃទីក្រុងទ្រីប៉ូលី កាលពីថ្ងៃចន្ទរវាងកងពលតូចលេខ444 និងកងកម្លាំងពិសេសការពារ ដែលហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការចាប់ខ្លួនមេបញ្ជាការកងពលតូច 444 ដ៏មានឥទ្ធិពលម្នាក់ ។
ក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាបានបញ្ឈប់នៅគ្រាដែលក្រុមបក្សពួកកំពុងធ្វើសង្គ្រាមបានយល់ព្រមបទឈប់បាញ់ “ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី និងក្រុមព្រឹទ្ធាចារ្យនៃទីក្រុងទ្រីប៉ូលី” ។
នៅក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយព្រឹទ្ធាចារ្យជាច្រើននៃទីក្រុងទ្រីប៉ូលី លោក Abdul-Hamed Dbeibah លោកនាយករដ្ឋមន្ត្រីលីប៊ី បានច្រានចោល “ការវិលប្រឡប់នៃការប្រយុទ្ធគ្នា” នៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា