អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសកូរ៉េខាងជើងត្រូវបានចោទប្រកាន់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដោយបានចំណាយប្រាក់អស់យ៉ាងច្រើនលើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន ខណៈដែលប្រជាជនរបស់ខ្លួនកំពុងខ្វះស្បៀងអាហារហូប និងខ្វះសម្ភារៈប្រើប្រាស់ជាចាំបាច់ ។
លោក Volker Turk ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រាប់ដល់ក្រុមប្រឹក្សាយ៉ាងដូច្នេះថា ប្រជាជនដែលរស់នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានប្រឈមនឹងការគាបសង្កត់ផ្នែកនយោបាយកាន់តែខ្លាំងឡើង ខណៈដែលស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ជាមួយនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរ ។
លោកបានថ្លែងថា “ការរំលោភបំពានជាច្រើនដែលខ្ញុំបានដឹង គឺចង់សំដៅទៅលើដោយផ្ទាល់ពី ឬការគាំទ្រការកើនឡើងនៃការធ្វើយោធារបស់កូរ៉េខាងជើង” ។
លោកក៏បានលើកឡើងពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខិតបង្ខំ រួមទាំងកុមារផងដែរ សម្រាប់ “គាំទ្រដល់បរិក្ខារយោធារបស់រដ្ឋ និងសមត្ថភាពក្នុងការបង្កើតអាវុ” ។
គួរបញ្ជាក់ថា សវនាការដែលត្រូវបានស្នើសុំដោយសហរដ្ឋអាមេរិក គឺជាលើកទី១នៅក្នុងក្រុមប្រឹក្សាសន្តិសុខស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ក្នុងរយៈពេល៦ឆ្នាំ ហើយបានកើតឡើងនៅគ្រាដែលទីក្រុងព្យុងយ៉ាងបានពន្លឿនការសាកល្បងមីស៊ីល ដែលមានសមត្ថភាពនុយក្លេអ៊ែរកាលពីឆ្នាំមុន ដែលបង្កើនភាពតានតឹងនៅទូទាំងអាស៊ីបូព៌ា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា