តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងស្ថិតក្នុង “ដំណាក់កាលចុងក្រោយ” មុនពេលសម្រេចចិត្តថា តើពេលណាត្រូវបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលចេញពី រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ ចំពេលមានការប្រឆាំងពីអ្នកនេសាទក្នុងស្រុក និងប្រទេសជិតខាងមួយចំនួន។
លោក គីស៊ីដា នឹងធ្វើទស្សនកិច្ចនៅខេត្តហ្វូគូស៊ីម៉ា នៅថ្ងៃអាទិត្យនេះ លោកបានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានរៀបចំកិច្ចប្រជុំកំពូល ត្រីភាគីជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈដែលប្រភពរដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រី នឹងពិភាក្សាអំពីពេលវេលានៃការ បញ្ចេញទឹកជាមួយរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។
លោក គីស៊ីដា បានលើកឡើងថា “ខ្ញុំជឿថាយើងបានឈានដល់ ដំណាក់កាលចុងក្រោយ ដែលរដ្ឋាភិបាលគួរតែធ្វើការសម្រេចចិត្ត ដោយផ្អែកលើការពិចារណាដ៏ទូលំទូលាយ” នៃបញ្ហាដូចជាការកាត់បន្ថយផលប៉ះពាល់ លើជលផលតាមដែលអាចធ្វើទៅបាន។
ប្រភពរដ្ឋាភិបាលរបស់លោក បានឲ្យដឹងនៅមុននេះបន្តិចថា ប្រទេសជប៉ុន កំពុងពិចារណាចាប់ផ្តើមបញ្ចេញទឹក ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi នៅចន្លោះចុងខែសីហា និងដើមខែកញ្ញា។
បរិមាណដ៏ច្រើននៃទឹកកខ្វក់ ត្រូវបានបង្កើតឡើងនៅក្នុងដំណើរការ នៃការធ្វើឱ្យត្រជាក់នៃឥន្ធនៈរ៉េអាក់ទ័ររលាយ បន្ទាប់ពីរោងចក្រនេះត្រូវបាន បំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១។
ទឹកត្រូវបានរក្សាទុកក្នុងធុង បន្ទាប់ពីឆ្លងកាត់ប្រព័ន្ធកែច្នៃរាវកម្រិតខ្ពស់ ដែលយក radionuclides ភាគច្រើន លើកលែងតែសារធាតុ tritium ប៉ុន្តែធុងផ្ទុកជិតដល់សមត្ថភាពហើយ។ សារធាតុ Tritium ត្រូវបានគេដឹងថាមានគ្រោះថ្នាក់តិចជាង សារធាតុវិទ្យុសកម្មផ្សេងទៀតដូចជា Cesium និង strontium ៕
ប្រែសម្រួល ឈូក បូរ៉ា