បរទេសមន្ត្រីស៊ីវិល នៃរដ្ឋាភិបាលយោធាថ្មី របស់ប្រទេសនីហ្សៀ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានលើកឡើងថា មេដឹកនាំរដ្ឋប្រហារ របស់ប្រទេស គឺគ្មានផែនការក្នុងការធ្វើការ ឬសហការជាមួយនឹងក្រុមទាហាន ស៊ីឈ្នួលរុស្សី Wagner Group PMC នោះឡើយ។
យោងតាមការចេញផ្សាយ របស់ RT បានសរសេរដែរថា ការឆ្លើយតបនេះបានធ្វើឡើង នៅក្រោយពេល ដែលមានរបាយការណ៍ចោទប្រកាន់ថា រដ្ឋាភិបាលយោធាថ្មី របស់ប្រទេសនីហ្សៀ កំពុងទំនាក់ទំនងជាមួយនឹង ក្រុមទាហានស៊ីឈ្នួលរុស្សី Wagner ដើម្បីអាចគម្រាម កំហែង ក្រុមអ្នកប៉ុនប៉ង់ទំលាក់អំណាច របស់ខ្លួន។
លោក Ali Lamine Zeine ដែលជានាយករដ្ឋមន្ត្រីចាត់តាំង ដោយមេដឹកនាំរដ្ឋប្រហារ កាលពីដើមខែនោះបាននិយាយថា លោកមិនបានឃើញនូវបំណង របស់ក្រុមមេបញ្ជាការកំពូល ក្នុងការធ្វើការជាមួយ នឹងក្រុម Wagner Group នោះទេ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក Zeine បានពោលថែមទៀតថា ចូរអ្នកកុំរុញច្រានឲ្យពលរដ្ឋនីហ្សៀ ក្នុងការបង្ខំចិត្តទៅចាប់ដៃគ្នា ជាមួយនឹងក្រុម ដែលអ្នកទាំងអស់មិន ចង់ឃើញនៅក្នុងប្រទេស នេះឲ្យសោះ៕
ប្រែសម្រួល៖ស៊ុនលី