ម៉ូស្គូ៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិ របស់ក្រុងមម៉ូស្គូបានឲ្យដឹង កាលពីថ្ងៃសុក្រថា នាវាចម្បាំង របស់ប្រទេសរុស្ស៊ី និងប្រទេសចិន កំពុងធ្វើការល្បាត នៅលើដែនសមុទ្ររួមគ្នា នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងនោះដែរ គឺពាក់ព័ន្ធនឹង ការហ្វឹកហ្វឺនជួយសង្គ្រោះ និងសមយុទ្ធ សម្រាប់ទប់ទល់នឹងការវាយប្រហារ តាមផ្លូវអាកាសរបស់សត្រូវ ។
ខ្សែវីដេអូដែលបាន ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ឈ្មោះថា TASS បានបង្ហាញពីនាវាធំៗចំនួន៩គ្រឿង ដែលកំពុងធ្វើដំណើរ នៅក្នុងទម្រង់ជាគ្រាប់ពេជ្រ ខណៈដែលសមាជិកនាវិកបានឈរប្រុងប្រៀប ខ្លួនយ៉ាងម៉ឺងម៉ាត់នៅលើនាវាទាំងនោះ ។
ក្រសួងការពារជាតិ បានឲ្យដឹងថា សមយុទ្ធនេះក៏រួមបញ្ចូលផងដែរ នូវការអនុវត្ត “ការបំពេញទុនបំរុងប្រេងឥន្ធនៈដោយកប៉ាល់ និងការផ្ទេរទំនិញ នៅក្នុងពេលធ្វើដំណើរ ។ ក្រសួងបាន ឲ្យដឹងទៀតថា ការបំបែកខ្លួនរបស់នាវា ដែលរួមគ្នាបានគ្របដណ្តប់ លើរយៈចម្ងាយជាង៦.៤០០ម៉ាយល៍ គិតចាប់តាំងពីការចាប់ផ្តើម នៃការធ្វើសមយុទ្ធនេះ ។
ក្រសួងដដែលបានបញ្ជាក់ថា “ការបំបែកនាវានៃកងទ័ពជើងទឹក របស់ប្រទេសរុស្ស៊ី និងកងទ័ពជើងទឹកចិន ហៅកាត់ថា PLA បច្ចុប្បន្នកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកនៃសមុទ្រចិនខាងកើត” ដោយសំដៅដល់កងទ័ពរំដោះប្រជាជនចិន ។
សេចក្តីថ្លែងការណ៍មួយបានដាក់ថា “នៅក្នុងអំឡុងពេលនេះ នាវិក នៃប្រទេសទាំង២បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក ដែលវាយប្រហារតាមផ្លូវអាកាស ដោយសត្រូវ ហើយធ្វើការហ្វឹកហ្វឺន ជួយសង្គ្រោះនៅដែនសមុទ្រ និងធ្វើបានល្អឥតខ្ចោះ នូវជំនាញនៃការហោះហើរ និងការចុះចតឧទ្ធម្ភាគចក្រ នៅលើនាវាចម្បាំងទាំងនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា