ព័ត៌មានអន្តរជាតិ

កូនស្រី៖ លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ គ្រោងនឹងវិល មកកាន់ប្រទេសថៃឡង់ដ៏វិញ នៅថ្ងៃទី២២សីហាខាងមុខនេះ

ប្រភព ៖ AFP

បាងងក ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃឡង់ដ៏ គ្រោងនឹងវិលត្រឡប់មកព្រះរាជាណាចក្រថៃ វិញនៅថ្ងៃអង្គារ ទី២២ ខែសីហាខាងមុខនេះ ដែលជាថ្ងៃតែមួយ ខណៈដែលការបោះឆ្នោត សភាសំខាន់ៗ អាចបញ្ចប់ភាពជាប់គាំង ខាងផ្នែកនយោបាយផងដែរ ។

គេបានដឹងថា មហាសេដ្ឋីវ័យ៧៤ឆ្នាំរូបនេះ ត្រូវបានបណ្តេញចេញពីអំណាច នៅក្នុងការធ្វើរដ្ឋប្រហារ ដោយយោធានៅក្នុងឆ្នាំ ២០០៦ ហើយបានចំណាយពេលអស់១៥ឆ្នាំ ក្នុងការនិរទេសខ្លួនឯង ចេញពីប្រទេស ។

លោក ថាក់ស៊ីន បានថ្លែងជាយូរមកហើយថា គាត់ចង់ត្រឡប់មកផ្ទះវិញ ប៉ុន្តែត្រូវប្រឈមមុខនឹងបទឧក្រិដ្ឋជាច្រើន ដែលគាត់បានថ្លែងថា មានហេតុផលទាក់ទិនឹងរឿង នយោបាយប៉ុណ្ណោះ ។

កូនស្រីរបស់គាត់ លោកស្រី Paetongtarn Shinawatra ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បានលើកឡើងនៅលើបណ្តាញសង្គម Instagram ថា “នៅថ្ងៃអង្គារ ទី២២ ខែសីហា ម៉ោង៩ព្រឹក ខ្ញុំនឹងទៅទទួលលោកឪពុករបស់ខ្ញុំថាក់ស៊ីន នៅឯអាកាសយានដ្ឋាន Don Muang” ។

ក្រោយមក លោក ថាក់ស៊ីន បានថ្លែងថា គាត់ប្រាកដជាត្រឡប់មកផ្ទះវិញនៅពេលនេះមែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top