ព័ត៌មានអន្តរជាតិ

ព្យុះសង្ឃរា Hilary បង្កឲ្យមានព្យុះភ្លៀង វាយប្រហារនៅម៉ិកស៊ិក និងភាគនីរតី សហរដ្ឋអាមេរិក

ប្រភព ៖ AFP

បរទេស៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ព្យុះសង្ឃរា Hilary បាននាំមកនូវភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំង រហូតដល់ផ្នែកខ្លះ នៃឧបទ្វីប Baja California របស់ប្រទេសម៉ិកស៊ិក និងភាគនិរតី នៃសហរដ្ឋអាមេរិក ខណៈដែលក្រុមមន្ត្រីបានព្រមានថា ខ្យល់ព្យុះដ៏ខ្លាំងនេះទំនងជាបង្កឱ្យមានគ្រោះទឹកជំនន់ ជាគ្រោះ “មហន្តរាយ និងគំរាមកំហែង ដល់អាយុជីវិតមនុស្ស” ។

មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិ សហរដ្ឋអាមេរិក ហៅកាត់ថា (NHC) បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃសៅរ៍ ព្យុះនេះបានបន្ថយអនុភាព របស់ខ្លួនទៅជាព្យុះ ប្រភេទទី៤ ដែលមានអនុភាពដល់ប្រភេទទី២ នៅលើមាត្រដ្ឋាន Saffir-Simpson ដែលមាន៥ប្រភេទ ប៉ុន្តែវានៅតែត្រូវ បានគេចាត់ទុកថា មានសមត្ថភាព បង្ក” ការខូចខាតយ៉ាងធ្ងន់ធ្ងរ” ហើយលក្ខខណ្ឌខ្យល់ព្យុះនេះ ត្រូវបានគេរំពឹងថា នឹងបន្តវាយប្រហារ នៅតាមបណ្តោយឆ្នេរសមុទ្រ Baja California រហូតដល់ថ្ងៃអាទិត្យនេះ ។

មជ្ឈមណ្ឌល NHC បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃសៅរ៍ ព្យុះសង្ឃរា Hilary កំពុងផ្ទុកខ្យល់ជាអតិបរមា១៧៥គីឡូម៉ែត្រក្នុង១ម៉ោង ដែលនឹងមានខ្យល់បក់បោកខ្លាំងក្លា ។

មជ្ឈមណ្ឌលបានឲ្យដឹងទៀតថា “ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង” កំពុងបង្កផលប៉ះពាល់ ដល់ផ្នែកខ្លះនៃឧបទ្វីប Baja California និងភាគនិរតីនៃសហរដ្ឋអាមេរិក ដែលនឹង បង្ក”គ្រោះមហន្តរាយ និងគ្រោះទឹកជំនន់ដែលអាចគំរាមកំហែង ដល់អាយុជីវិតមនុស្ស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top