ម៉ាឌ្រីដ ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ មានមនុស្សជាង៤.៥០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ នៅភាគឦសាននៃរដ្ឋ Tenerife ខណៈដែលភ្លើងឆេះព្រៃ បានឈានដល់ទំហំដែលមិនធ្លាប់មាន ពីមុនមកនៅដែនក្នុងកោះ Canary ។
ភ្លើងដែលបានចាប់ផ្តើម កាលពីយប់ថ្ងៃអង្គារនៅតំបន់ភ្នំ និងព្រៃ ឥឡូវបានពង្រីកបរិវេណ របស់វាដល់៥០គីឡូម៉ែត្រ និងបានឆាបឆេះលើផ្ទៃដី ជាង៥ពាន់ហិកតា ។
ចំពោះអ្នកដែលមិនបាន ធ្វើការជម្លៀសខ្លួនចេញ មនុស្សជាច្រើនត្រូវបានគេប្រាប់ឱ្យស្នាក់នៅតែក្នុងផ្ទះដើម្បីបញ្ចៀសឥទ្ធិពលនៃផ្សែងដែលអាចកើតមាន ។ ប៉ុន្តែរថយន្តសង្គ្រោះបន្ទាន់ត្រូវបានអនុញ្ញាតឱ្យរត់នៅលើផ្លូវដដែល ។
លោកស្រី Rosa Davila ប្រធានក្រុមប្រឹក្សាក្រុង Tenerife Cabildo ក្រុមប្រឹក្សាក្រុង បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ភ្លើងកំពុងឆេះ ស្ថិត “នៅក្នុងស្ថានភាពដែលមិនធ្លាប់មានពីមុន មកនៅក្នុងដែនកោះ Canary” ។
លោកស្រីបានលើកឡើងថា ភ្លើងឆេះព្រឺពិតជាសាហាវណាស់ ដែលវាអស់សមត្ថភាពដើម្បីពន្លត់ភ្លើង ។
លោកស្រី Davlia បានថ្លែងទៀតថា គិតមកដល់ពេលនេះ ភ្លើងបានបង្កផលប៉ះពាល់ដល់ក្រុងចំនួន១១ ប៉ុន្តែ “មិនមានផ្ទះណាមួយត្រូវ បានបំផ្លាញនៅឡើយទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា