ព័ត៌មានអន្តរជាតិ

ថៃ រៀបចំសេណារីយ៉ូ យ៉ាងជាក់លាក់ រាប់ចាប់ពីចាប់ខ្លួនលោកថាក់ស៊ីន នៅព្រលានយន្តហោះដនមឿង រហូតការសួរសុខ ទុក្ខក្នុងពន្ធនាគារ

ប្រភព៖ AFP

បរទេស៖ ប្រភពបាននិយាយថា មន្ត្រីប៉ូលីស និងនាយកដ្ឋានកែប្រែ របស់ថៃនឹងចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ភ្លាមៗនៅពេលដែលលោកចុះពីលើយន្តហោះឯកជន របស់លោកនៅក្នុងអាកាសយានដ្ឋានដនមឿង នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានបង្ហោះបណ្តាញ Instagram កាលពីថ្ងៃសៅរ៍ថា លោកស្រីនឹងទៅជួបឪពុក របស់លោកស្រី នៅព្រលានយន្តហោះដុនមឿងនៅម៉ោង ៩ ព្រឹកថ្ងៃអង្គារ ២២ ខែសីហានេះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ប៉ូលិស និង​នាយកដ្ឋាន​កែ​ប្រែ ក៏​បាន​បង្កើត​ផែនការ​ បន្ទាន់​មួយ​ផង​ដែរ​ ក្នុង​ករណី​លោក ថាក់ស៊ីន មក​ដល់​ក្រោយ​ពេល​ប៉ុន្មាន​ម៉ោង​ ដែលតុលាការ អាចបើកសវនការបាន។

ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្នុងម៉ោង ដែលតុលាការ នៅតែអាចបើកសវនការបាន លោកនឹងត្រូវបញ្ជូន ទៅផ្នែកព្រហ្មទណ្ឌ នៃតុលាការកំពូល សម្រាប់អ្នកកាន់ការិយាល័យ នយោបាយ មុនពេលដែលមន្ត្រីនាយកដ្ឋាន កែប្រែនាំលោកទៅពន្ធនាគារ Remand ក្រុងបាងកក។

ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្រោយម៉ោងតុលាការបើកសវនការ លោកនឹងត្រូវនាំទៅស្នងការប៉ូលីស ជាកន្លែងដែលលោកនឹងត្រូវឃុំខ្លួនមួយយប់ មុនពេលលោកត្រូវបានគេនាំទៅតុលាការកំពូលនៅព្រឹកឡើង។

ប្រភព​ក៏​បាន​និយាយ​ទៀតថា នៅ​ពេល​លោក ថាក់ស៊ីន មក​ដល់ លោកនឹង​ត្រូវ​ប៉ូលិស​អន្តោ​ប្រវេសន៍​ចាប់​ខ្លួន ហើយ​បន្ទាប់​មក​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស ដនមឿង ដើម្បី​ធ្វើ​កំណត់ហេតុ​ចាប់​ខ្លួន​។ បន្ទាប់​មក​ លោកនឹង​ត្រូវ​នាំ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​របស់តុលាការ​កំពូល​ ចេញពីកន្លែង​ដែល​មន្ត្រី​នាយកដ្ឋាន​កែ​ប្រែ នឹង​ទទួល​ខុស​ត្រូវ។

យោងតាមលោក អាយុទ្ធ ស៊ីនតូផាន (Aryut Sintopphan) អគ្គនាយក នៃនាយកដ្ឋានកែប្រែ , លោកថាក់ស៊ីន នឹងត្រូវបានកត់ត្រាថា ជាអ្នកទោស នៅពេលដែលលោកត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ Remand ទីក្រុងបាងកក។ បន្ទាប់មកលោកនឹងត្រូវដាក់ឱ្យ នៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ ។

ដោយសារថាក់ស៊ីន មានវ័យចំណាស់ គ្រូពេទ្យរបស់ពន្ធនាគារ នឹងកំណត់ថា តើលោកត្រូវស្ថិតនៅក្រោម ការមើលថែយ៉ាងដិត ដល់របស់វេជ្ជបណ្ឌិត ឬយ៉ាងណា។ ប្រសិនបើ​គេ​រក​ឃើញ​ថា​ លោកមាន​ជំងឺ​រ៉ាំរ៉ៃ គឺគ្រូពេទ្យ​នឹង​សម្រេច​ថា​ តើ​លោកគួរ​ត្រូវ​ឃុំ​ខ្លួន​ ក្នុង​មន្ទីរពេទ្យ​របស់ពន្ធនាគារ​ ឬ​អត់។

នៅពេលដែលស្ថិត នៅក្នុងពន្ធនាគារ អ្នកយាមនឹងពិចារណាអនុញ្ញាត ឱ្យលោកត្រូវបានសួរសុខទុក្ខ ដោយសាច់ញាតិជិតស្និទ្ធ ក្នុងអំឡុងពេលដំបូង នៃការឃុំខ្លួន។

ទោះជាយ៉ាងនេះក្តី ការចូលសួរសុខទុក្ខ នឹងត្រូវបានអនុញ្ញាត លុះត្រាតែមន្ត្រីកំណត់ថាមិនមានជំងឺឆ្លងនៅក្នុងពន្ធនាគារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top