តេអេរ៉ង់ ៖ សហរដ្ឋអាមេរិក បាននិងកំពុងកសាងវត្តមានយោធា របស់ខ្លួននាពេលថ្មីៗនេះ នៅមជ្ឈិមបូព៌ា ជាពិសេសឈូងសមុទ្រ ក្រោមលេសថា ការពារកប៉ាល់ពី “ការយាយី” របស់អ៊ីរ៉ង់ ប៉ុន្តែអ្នកវិភាគបានព្រមានថា ទង្វើរបស់អាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខក្នុងតំបន់។
កាលពីដើមខែនេះ លេខាធិការ ព័ត៌មាន មន្ទីរបញ្ចកោណលោក Pat Ryder បានឲ្យដឹងថា ក្រុម Bataan Amphibious Ready របស់កងទ័ពជើងទឹក អាមេរិក និងអង្គភាព បេសកកម្ម ដែនសមុទ្រទី២៦ បានទៅដល់មជ្ឈិមបូព៌ា ជាផ្នែកមួយ នៃការដាក់ពង្រាយ ដែលបានប្រកាសជាមុន ដើម្បីជួយដល់កិច្ចខិតខំ ប្រឹងប្រែង ទប់ស្កាត់ប្រឆាំងនឹងអ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងកន្លែងផ្សេងទៀត ។
នៅក្នុងការបង្ហោះជាច្រើននៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា យន្តហោះរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការ នៅក្នុងដែនទឹកក្នុងតំបន់។
ជាការឆ្លើយតប កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅដើមខែសីហា បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្នុងដែនទឹកភាគខាងត្បូង របស់ប្រទេសនេះ ជាការបង្ហាញពីការត្រៀមខ្លួន របស់កងទ័ពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពនៃដែនទឹកអ៊ីរ៉ង់។
អាជ្ញាធរអ៊ីរ៉ង់ បានច្រានចោលម្តងហើយម្តងទៀត នូវការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ថា “គ្មានមូលដ្ឋាន” ដោយសង្កត់ធ្ងន់ថា សន្តិសុខក្នុងតំបន់ អាចត្រូវ បានធានា បានតែតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសក្នុងតំបន់ ដោយគ្មានការជ្រៀតជ្រែក ពីមហាអំណាចឆ្លងតំបន់។
អ្នកវិភាគអះអាងថា វត្តមានយោធាអាមេរិក កើនឡើងនៅឈូងសមុទ្រ ត្រូវបានកំណត់ថា នឹងបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា ជាជាងធានាសន្តិសុខ និងសន្តិភាពរបស់ខ្លួន ។
លោក Koroush Ahmadi អតីតអ្នកការទូតអ៊ីរ៉ង់ ដែលមានមូលដ្ឋាន នៅទីក្រុងតេអេរ៉ង់ បានព្រមាននៅក្នុងបទ សម្ភាសន៍ថ្មីៗនេះ ជាមួយគេហទំព័រព័ត៌មាន អ៊ីរ៉ង់ Entekhab ថា វិធានការ របស់សហរដ្ឋអាមេរិក នឹងបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នានៅក្នុងតំបន់ ដោយសារមិនមាន ការឯកភាពគ្នា រវាងភាគីទាំងពីរ ៕
ប្រែសម្រួល ឈូក បូរ៉ា