ព័ត៌មានអន្តរជាតិ

អ្នកវិភាគថៃ លើកឡើងពីថ្ងៃវិលចូលស្រុក របស់លោក ថាក់ស៊ីន ចំថ្ងៃតែមួយ ដែលសភាបោះឆ្នោត រើសនាយករដ្ឋមន្រ្តី

ប្រភព ៖AFP

បាងកក ៖ កូនស្រីរបស់លោក ថាក់ស៊ីន បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលនិរទេសខ្លួនឯង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រោងនឹងវិលត្រឡប់ មកប្រទេសវិញនៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ខណៈដែលប្រទេសនេះ កំពុងតស៊ូដើម្បីជម្នះភាពជាប់គាំង នយោបាយបន្ទាប់ពីការបោះឆ្នោតជាតិ ខែឧសភា ។

យោងតាមសារព័ត៍មាន VOA ចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតមហាសេដ្ឋី ផ្នែកទូរគមនាគមន៍ ដែលជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០១ រហូតដល់លោក ត្រូវបានបណ្តេញចេញពីរដ្ឋប្រហារឆ្នាំ ២០០៦ រស់នៅក្នុងនិរទេស ដោយខ្លួនឯង បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសថៃ ដើម្បីគេចពីទោសជាប់ពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ ២០០៨ លោកនឹងនៅតែត្រូវជាប់ពន្ធនាគារ នៅពេលត្រឡប់ចូលប្រទេសថៃវិញ ។

នៅក្នុងការបង្ហោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ កូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រាប បាននិយាយថា លោកស្រីនឹងជួបឪពុក របស់លោកស្រីនៅអាកាសយានដ្ឋាន ដនមឿង ទីក្រុងបាងកក នៅថ្ងៃអង្គារ ទី២២ ខែសីហា ។

សម្រាប់ថ្ងៃអង្គារនេះផងដែរ ក៏ជាការបោះឆ្នោតសភាមួយផ្សេងទៀត សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបេក្ខភាពត្រូវបានតែងតាំង ដោយគណបក្សភឿថៃ ដែលគាំទ្រដោយលោកថាក់ស៊ីន ។

មុននេះ លោកថាក់ស៊ីន បានពន្យារពេលការវិលត្រឡប់ចូលស្រុក របស់លោកនៅថ្ងៃទី ១០ ខែសីហា ដោយលើកឡើងពីតម្រូវការពិនិត្យសុខភាព។ លោកនៅ​តែ​ប្រឈម​ នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ ។

អគ្គស្នងការរង នគរបាលជាតិថៃ លោក Surachate Hakparn បាននិយាយថា លោក ថាក់ស៊ីន ដែលមានអាយុ ៧៤ ឆ្នាំ នឹងត្រូវស្ថិតនៅក្រោមដំណើរ ការតុលាការនៅពេលលោក ត្រឡប់មកវិញ។

អ្នកវិភាគមួយចំនួនបាននិយាយថា ការវិលត្រលប់របស់លោកថាក់ស៊ីន បង្ហាញថា គណបក្ស ភឿថៃ បានឈានដល់កិច្ចព្រមព្រៀង ជាមួយគណបក្សនយោបាយ ស្តីពីការបង្កើតរដ្ឋាភិបាល បន្ទាប់ពីទទួលបានការគាំទ្រ ពីគណបក្សគាំទ្រ ដោយយោធា។

លោក Thanaporn Sriyakul ប្រធានសមាគមវិទ្យាសាស្ត្រនយោបាយ នៃសកលវិទ្យាល័យ Kasetsart បាននិយាយថា “ការវិលត្រឡប់មកវិញ របស់ថាក់ស៊ីន នៅថ្ងៃបោះឆ្នោតរើសនាយករដ្ឋមន្រ្តី បង្ហាញថា លោកមានទំនុកចិត្តថា បេក្ខជននាយករដ្ឋមន្ត្រីរបស់ភឿថៃ នឹងត្រូវបានបោះឆ្នោត តាំងពីជុំដំបូង” ។

គណបក្សភឿថៃ ដែលស្ថិតនៅលំដាប់ទី២ ក្នុងខែនេះបានខិតខំប្រឹងប្រែង ដើម្បីបង្កើតរដ្ឋាភិបាល បន្ទាប់ពីមេដឹកនាំគណបក្ស Move Forward ដែលឈ្នះការបោះឆ្នោត គឺបានបរាជ័យក្នុងការប៉ុនប៉ង ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ។

គណបក្សភឿថៃ ដែលគ្រោងនឹងតែងតាំងមហាសេដ្ឋី ផ្នែកអចលនទ្រព្យ គឺលោក ស្រែថា ថាវីស៊ីន ត្រូវការការគាំទ្រ ពីសភាទ្វេភាគីជាងពាក់កណ្តាល រួមទាំងព្រឹទ្ធសភា ដែលតែងតាំងដោយយោធាផងដែរ ។

គណបក្សភឿថៃ កាលពីថ្ងៃព្រហស្បតិ៍ទទួលបានការគាំទ្រ ពីគណបក្ស ដែលគាំទ្រ ដោយយោធាដែលជាគូប្រជែង បន្ទាប់ពីសមាជិកសភា មកពីគណបក្សគាំទ្រ ដោយយោធាមួយផ្សេងទៀត បាននិយាយថា ពួកគេនឹងគាំទ្រគណបក្សភឿថៃ ក្នុងការយកឈ្នះលើភាព ជាប់គាំងនយោបាយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top