សេអ៊ូល៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ក្រុមសកម្មជនសន្តិភាព កូរ៉េខាងត្បូង មួយក្រុមបានធ្វើការប្រមូលផ្តុំគ្នា ប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមឡើងនៅមុនថ្ងៃនោះ ។
ក្រុមសកម្មជន មកពីអង្គការ សាមគ្គីភាពដើម្បីសន្តិភាព និងការបង្រួបបង្រួមកូរ៉េ ហៅកាត់ថា (SPARK) បានប្រមូលផ្តុំគ្នានៅជិត ការិយាល័យ ប្រធានាធិបតី នៅចំកណ្តាលទីក្រុងសេអ៊ូល ជាកន្លែងដែលក្រសួងការពារជាតិ មានទីស្នាក់ការនៅទីនោះផងដែរ ដើម្បីអំពាវនាវឱ្យមានសន្តិភាពនៅលើឧបទ្វីបកូរ៉េ ។

ក្រុមបាតុករបានស្រែកជាមួយពាក្យស្លោកថា “ឈប់ធ្វើសមយុទ្ធ” ហើយលើកស្លាកដែលមានដាក់ថា “បញ្ឈប់សមយុទ្ធសង្គ្រាមកូរ៉េខាងត្បូង និងអាមេរិក” និងឆ្លើយថា “ទេចំពោះសម្ព័ន្ធភាពកូរ៉េខាងត្បូង និងជប៉ុន” ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ (JCS)បានឲ្យដឹងថា សមយុទ្ធដែលមានឈ្មោះថា Ulchi Freedom Shield (UFS) រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលជាសមយុទ្ធយោធារួមគ្នានារដូវក្តៅ ដែលពាក់ព័ន្ធនឹងសមយុទ្ធក្នុងទ្រង់ទ្រាយធំ គ្រោងនឹងបន្តរហូតដល់ថ្ងៃទី៣១ ខែសីហា ។
សមយុទ្ធយោធាដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងឆ្នាំនេះ តាមសេចក្តីរាយការណ៍នឹងមានការចូលរួមពីសមយុទ្ធប្រហែល ៣០លើក បើធៀបនឹង១៣លើកដែលបានធ្វើឡើងកាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
