ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទុកពេលឲ្យអាមេរិក ២ខែសម្រាប់ការផ្លាស់ប្តូរអ្នកទោស បញ្ចេញទ្រព្យសម្បត្ដិរបស់ខ្លួន ដែលត្រូវបានបង្ក

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ពេលវេលាកំណត់រយៈពេលពីរខែត្រូវបានកំណត់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន និងការដោះលែងទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ប្រទេសអ៊ីរ៉ង់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតេអេរ៉ង់ លោក Kanaani បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀងកំពុងដំណើរការល្អ ហើយលោកមានសុទិដ្ឋិនិយមថាវានឹងបញ្ចប់ក្នុងរយៈពេលកំណត់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។

លោក Kanaani ក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនមានផែនការ សម្រាប់កិច្ចចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិក នៅខាងក្រៅសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងក្នុងខែកញ្ញា ឬនៅកន្លែងផ្សេងទៀតឡើយ។

លោក Kanaani បានសង្កត់ធ្ងន់ថា ដំណើរការនៃការផ្ទេរផ្នែកមួយនៃមូលនិធិរបស់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងការនាំចេញឧស្ម័ន និងអគ្គិសនីពីប្រទេសអ៊ីរ៉ាក់ត្រូវបានបញ្ចប់ ហើយនីតិវិធីនេះនឹងត្រូវបន្តយ៉ាងយកចិត្តទុកដាក់។

កាលពីដើមខែសីហា ទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយប្រទេសទី៣ ដែលភាគីទាំងពីរនឹងផ្លាស់ប្តូរអ្នកទោសជាបញ្ហាមនុស្សធម៌ ហើយផ្នែកខ្លះ នៃទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ “ខុសច្បាប់” ដែលត្រូវបានរារាំងនៅក្រៅប្រទេសដោយទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបានដោះលែង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top