បរទេស៖ បន្ទាប់ពីបរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ បើទោះបីជាលេចចេញ ជាគណបក្សធំជាងគេតែមួយគត់ នៅក្នុងសភា របស់ប្រទេសថៃ ក៏ដោយ ក៏គណបក្ស Move Forward បាននិយាយថា ខ្លួននឹងប្រឹងប្រែងឱ្យអស់ ពីសមត្ថភាពក្នុងតួនាទី ជាបក្សប្រឆាំង ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពី សម័យប្រជុំរួមគ្នា នៃសភាជាន់ទាប និងសភាជាន់ខ្ពស់ កាលពីថ្ងៃអង្គារ បានបោះឆ្នោតជ្រើសរើស បេក្ខជននាយករដ្ឋមន្ត្រី នៃសម្ព័ន្ធភាពដឹកនាំដោយគណបក្សភឿថៃ លោក ស្រែថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ មកនោះ អគ្គលេខាធិការ គណបក្ស Move Forward ឬចលនាឆ្ពោះទៅមុខ លោក ចៃតាវ៉ាត់ ទូឡាតុន បានប្រាប់អ្នកសារ ព័ត៌មានថា គណបក្សរបស់លោកនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាពដើម្បីតាមដានការអនុវត្តការងារ របស់អ្នកដឹកនាំប្រទេស។
លោក ចៃតាវ៉ាត់ បាននិយាយថា គណបក្សនឹងបន្តជំរុញ ឱ្យមានការកែទម្រង់ច្បាប់ រួមទាំងការធ្វើវិសោធនកម្មច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ តាមរយៈវិធីសាស្រ្តទាំងសភា និងមិនមែនសភា ដើម្បីនាំមកនូវការផ្លាស់ប្តូរនៅក្នុងសង្គម។
លោកបានបន្តថា “ដំណើរទៅមុខនឹងឈរយ៉ាងម៉ឺងម៉ាត់សម្រាប់ប្រជាជន ដោយមានការជឿជាក់ថា ថ្ងៃណាមួយអំណាចរបស់ប្រជាជននឹងឈានទៅអនាគតថ្មីសម្រាប់ប្រទេសថៃ”។ «យើងនឹងមានប្រជាធិបតេយ្យ ពិតប្រាកដនៅថ្ងៃណាមួយ»។
នៅពេលសួរអំពីគណបក្សកាន់តួនាទីជាមេបក្សប្រឆាំង លោកបាននិយាយថា លោកសង្ឃឹមថាតុលាការធម្មនុញ្ញនឹងកាត់ក្តីយ៉ាងឆាប់រហ័សលើរឿងក្តីកាន់កាប់ភាគហ៊ុនរបស់លោក Pita។
លោក ចៃតាវ៉ាត់ បន្ថែមថា លោកមិនទាន់បាននិយាយ ជាមួយភាគីផ្សេងទៀត នៅខាងគណបក្សប្រឆាំងនៅឡើយទេ។
ទន្ទឹមនឹងនេះ លោក Pita មេដឹកនាំគណបក្ស Move Forward បាននិយាយ នៅលើ Instagram របស់លោកបន្ទាប់ពីការ បោះឆ្នោតនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ មិនអាចបង្កើតការផ្លាស់ប្តូរនៅក្នុងសង្គមបានទេ ហើយវាជាការប្រឆាំងនឹងការយល់ស្របរបស់ប្រជាជន ។ លោកថា “គណបក្ស Move Forward គ្មាននរណាម្នាក់នៅជាមួយទេ ប៉ុន្តែមានប្រជាជានៅជាមួយ” ។
លោកបានបន្ថែមថា៖ «យើងនឹងខិតខំដើម្បីផលប្រយោជន៍ប្រជាជន ហើយនឹងមិនក្បត់ទំនុកចិត្តរបស់ប្រជាជនឡើយ»៕
ប្រែសម្រួលៈ ណៃ តុលា