ព័ត៌មានអន្តរជាតិ

ប៉ូលិសសិង្ហបុរី ប្រកាសពីទីតាំងគំរាមកំហែង ដោយគ្រាប់បែកចំនួន១៨កន្លែង ក្នុងនោះមានអគាររដ្ឋាភិបាល និងស្ថានទូត

សឹង្ហបុរី ៖ កាលពីថ្ងៃពុធ ប៉ូលិសបានធ្វើការជូនដំណឹង អំពីការគំរាមកំហែងដោយគ្រាប់ បែកនៅទីតាំងចំនួន១៨នៅជុំវិញ ប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃ ក្នុងនោះ រួមទាំងអគាររដ្ឋាភិបាល ស្ថានទូត និងកន្លែងចាប់ អារម្មណ៍ផ្សេងទៀត ។

កងកម្លាំងប៉ូលិសសិង្ហបុរី ហៅកាត់ថា (SPF) បានឲ្យដឹងថា ការត្រួតពិនិត្យសន្តិសុខ ត្រូវបានធ្វើឡើង ហើយមិនបានរកឃើញ ធាតុណាមួយដែល គួរឱ្យព្រួយបារម្ភ អំពីសុវត្ថិភាពនោះទេ ដោយបានបញ្ជាក់ទៀតថា កងកម្លាំងបានជូនដំណឹង អំពីករណីនេះនៅម៉ោង ប្រហែល៩និង១០នាទីព្រឹក ។

កងកម្លាំង SPF មិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមអំពីការគំរាមកំហែង ឬកន្លែងដែលទីតាំងទាំង១៨ស្ថិតនៅនោះទេ ប៉ុន្តែក្រសួងនិរន្តរភាព និងបរិស្ថាន ហៅកាត់ថា (MSE) បានបញ្ជាក់ដោយឡែកថា មានការគំរាមកំហែងដោយគ្រាប់បែកពាក់ព័ន្ធនឹងអគារបរិស្ថានផងដែរ ។

ប៉ូលិសក៏បានបញ្ជាក់ផងដែរថា ពួកគេដឹងពីរបាយការណ៍ស្រដៀងគ្នា នៃការគម្រាមកំហែងគ្រាប់បែក តាមអ៊ីមែលនៅក្នុងប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដែលហាក់ដូចជាត្រូវបានផ្ញើ ដោយមនុស្សដូចគ្នា ដែលវាក្លាយជាការបោកបញ្ឆោត ។

ខាង SPF បានឲ្យដឹងទៀតថា “ប៉ូលិសកំពុងស៊ើបអង្កេតករណីនេះ នៃការប្រាស្រ័យទាក់ទងព័ត៌មានមិនពិតនៃវត្ថុដែលបង្កគ្រោះថ្នាក់នៅក្រោមមាត្រា 268A នៃក្រមព្រហ្មទណ្ឌ 1871” ។ កម្លាំង SPF បានបញ្ជាក់បន្ថែមថា បទល្មើសនេះអាចជាប់ពន្ធនាគារ រហូតដល់៧ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ៥០.០០០ដុល្លារសិង្ហបុរី ស្មើនឹងប្រមាណ៣៦.៨០០ដុល្លារអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top