ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ៖ នៅក្នុងខែកញ្ញា សហរដ្ឋអាមេរិក នឹងធ្វើការហ្វឹកហាត់ ដល់ពីឡុត របស់អ៊ុយក្រែន ឲ្យចេះបញ្ជាការ បើកបរយន្តហោះចម្បាំង F-16

ប្រភព ៖ AFP

វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិបានប្រកាសថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមហ្វឺកហ្វឺន អ្នកបើកយន្តហោះ របស់ប្រទេសអ៊ុយក្រែន ឲ្យចេះបញ្ជាការ បើកបរយន្តហោះចម្បាំង F-16 នៅក្នុងខែកញ្ញា នៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងរដ្ឋចំនួន២ ស្ថិតនៅភាគខាងត្បូង ។

លោក Pat Ryder លេខាធិការសារព័ត៌មានប្រចាំ នៅមន្ទីរបញ្ចកោណ បានប្រាប់ ដល់សន្និសីទ សារព័ត៌មានមួយថា
ការហ្វឹកហ្វឺន ដែលនឹងរួមបញ្ចូលទាំង “អ្នកបើកយន្តហោះជាច្រើននាក់ និងអ្នកថែទាំរាប់សិបនាក់” នឹងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ ជាមួយនឹងថ្នាក់ភាសា អង់គ្លេស ដែលនឹងផ្តល់ជូននៅមូលដ្ឋាន ទ័ពអាកាស Lackland ក្នុងរដ្ឋតិចសាស់ ។

លោក Ryder បានលើកឡើងថា បន្ទាប់ពីសិក្ខា កាមចាប់យកជំនាញ ភាសាជាចាំបាច់ ពួកគេនឹងត្រូវបានបណ្តុះបណ្តាល អំពីរបៀបហោះហើរ F-16 ដ៏ពិតប្រាកដ ហើយដំណើរការនេះ នឹងចាប់ផ្តើមនៅក្នុងខែតុលា នៅឯមូលដ្ឋានទ័ពអាកាស Morris Air National Guard Base ក្នុងរដ្ឋ Arizona ។

ការហ្វឹកហ្វឺន នៅសហរដ្ឋអាមេរិក “នឹងក្លាយជាការបណ្តុះបណ្តាល អ្នកបើកយន្តហោះ ចម្បាំងជាមូលដ្ឋាន” លោកបានបញ្ជាក់ឲ្យដឹងថា កម្មវិធីសិក្សាពិតប្រាកដ សម្រាប់អ្នកបើកយន្តហោះ របស់អ៊ុយក្រែន នឹងអាស្រ័យ លើកម្រិតនៃបទពិសោធន៍របស់ពួកគេ ដែលការវាយតម្លៃក៏ជាផ្នែក នៃកម្មវិធីបណ្តុះបណ្តាលផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top