គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានថ្កោលទោសផែនការរបស់ប្រទេសចំនួន៥ របស់សហភាពអឺរ៉ុប ដើម្បីបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
ប្រទេសទាំងនោះ រួមមានប៉ូឡូញ ស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី និងហុងគ្រី បានព្យាយាមបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដើម្បីការពារវិស័យកសិកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងថា “យើងចាត់ទុកថា វាមិនអាចទទួលយកបានទាំងស្រុងក្នុងការបន្តការរឹតបន្តឹងពាណិជ្ជកម្មលើការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែន បន្ទាប់ពីការហាមឃាត់របស់គណៈកម្មការអឺរ៉ុបផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញា” ។
វាក៏បានអំពាវនាវដល់សហភាពអឺរ៉ុប និងប្រទេសដែលពាក់ព័ន្ធ ស្វែងរកការសម្រេចចិត្តប្រកបដោយតុល្យភាពលើបញ្ហានេះ។ កាលពីខែឧសភា គណៈកម្មការអឺរ៉ុប បានដាក់បម្រាមលើការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបទាំង ៥៕ ប្រែសម្រួល ឈូក បូរ៉ា