ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បញ្ជាក់ “ជំនួបសម្ងាត់” ជាមួយក្រុមឧត្តមសេនីយ៍របស់អង្គការណាតូ

រូបភាពពី៖​ AFP

បរទេស៖ ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី គឺលោក Mikhail Podoliak បាននិយាយថា មន្ត្រីលោកខាងលិចកំពុងទទួលបានរបាយការណ៍ថ្មីៗជាប្រចាំពីសមរភូមិក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់របាយការណ៍អំពីជំនួបនាពេលថ្មីៗនេះរវាងឧត្តមសេនីយកំពូលរបស់ទីក្រុងគៀវ Valery Zaluzhny និងមេបញ្ជាការណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mikhail Podoliak បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា “មានកិច្ចប្រជុំជាច្រើនបែបនេះ” ។ យោងតាមលោក Podoliak, យុទ្ធសាស្រ្តយោធារបស់ទីក្រុងគៀវ នៅតែ “បត់បែន” វិវត្តស្របតាមស្ថានភាពនៅលើដី។

ទីប្រឹក្សាកំពូលរូបនេះបាននិយាយថា “បុគ្គលិកទូទៅកំពុងធ្វើការកែតម្រូវជានិច្ច អាស្រ័យលើអ្វីដែលកំពុងកើតឡើងនៅជួរមុខ”។ “ជាក់ស្តែង ការកែសម្រួលទាំងនេះតែងតែត្រូវបានពិភាក្សាជាមួយដៃគូរបស់យើង ដើម្បីសម្រេចបាននូវការចែកចាយអាវុធបន្ថែម”។

បើតាមកាសែត The Guardian បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា “១១ថ្ងៃមុន ទាហានជាន់ខ្ពស់បំផុតមួយចំនួននៅក្នុងសម្ព័ន្ធភាពណាតូបានធ្វើដំណើរទៅកាន់ទីតាំងសម្ងាត់មួយនៅព្រំដែនប៉ូឡូញ-អ៊ុយក្រែន” ដើម្បីជួបជាមួយ Zaluzhny និង “ក្រុមបញ្ជាការទាំងមូលរបស់លោក” ។ កាសែតបានផ្សាយថា គោលដៅនៃកិច្ចប្រជុំរយៈពេលប្រាំម៉ោងគឺ “ជួយកំណត់ឡើងវិញនូវយុទ្ធសាស្ត្រយោធារបស់អ៊ុយក្រែន” ដោយមើលឃើញពីការវាយលុកដ៏យឺត។ មន្ត្រីអ៊ុយក្រែន និងអង្គការណាតូ តាមសេចក្តីរាយការណ៍ ក៏បានពិភាក្សាអំពីផែនការសម្រាប់រដូវរងា និងលើសពីនេះទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top