ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងអ៊ីតាលី ពិភាក្សាទ្វេភាគីផ្តោតសំខាន់ បញ្ហាក្នុងតំបន់

AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងសមភាគីអ៊ីតាលីលោក Antonio Tajani កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានជួបពិភាក្សាគ្នាទៅលើទំនាក់ទំនង ទូតទ្វេភាគីនិងក៏ដូចជាបញ្ហាក្នុងតំបន់ ជាច្រើនទៀតផងដែរ។

ក្រសួងការបរទេសអេហ្ស៊ីប បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោកTajani បានស្តាប់ការវាយតម្លៃរបស់ Shoukry អំពីការវិវឌ្ឍន៍នៅក្នុងប្រទេសនីហ្សៀ វិធីដោះស្រាយវិបត្តិតាមរយៈមធ្យោបាយ ការទូតដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ប្រទេសនីហ្សេ និងក៏ដូចជាតំបន់ផងដែរ។

ពួកគេក៏បានពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសលីប៊ី ដែលលោក Shoukry បានជូនដំណឹងដល់សមភាគីអ៊ីតាលី របស់គាត់អំពីចក្ខុវិស័យរបស់ប្រទេសអេហ្ស៊ីប ទាក់ទងនឹងការវិវត្តនៅក្នុងស្ថានភាពនយោបាយ និងសន្តិសុខនៅទីនោះដែរ។

លោក Shoukry ក៏បានពិនិត្យឡើងវិញ នូវមធ្យោបាយដើម្បីគាំទ្រដំណោះស្រាយ ដែលធានាដល់ការរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីនៅក្នុងប្រទេសលីប៊ី នៅក្នុងពេលវេលាមួយដែលឆាប់បំផុត។

លើសពីនេះទៀត អ្នកការទូតកំពូលទាំងពីរ បានយល់ព្រមគ្នាក្នុងការដោះស្រាយ លក្ខខណ្ឌទូទៅ និងបញ្ហាប្រឈមនានាដែលកើតមាន នៅក្នុងតំបន់មេឌីទែរ៉ាណេ រួមទាំងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top