បាងកក ៖ លោក Panuchote Thongyang បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថនៃប្រទេសថៃ (FDA) និងនាយកដ្ឋានជលផល គួរតែចាត់វិធានការខ្លាំងក្លា ដើម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវអាហារសមុទ្រទាំងអស់ ដែលនាំចូលពីប្រទេសជប៉ុន។
លោកបានលើកឡើងថា អាហារសមុទ្រចាំបាច់ត្រូវពិនិត្យរកវិទ្យុសកម្ម ដោយសារការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការចាប់ផ្តើមបញ្ចេញទឹក ដែលបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសចិន ហុងកុង និងកូរ៉េខាងត្បូង បានផ្អាកការនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីប្រទេសជប៉ុន ខណៈដែលគ្មានទីភ្នាក់ងារថៃណាមួយប្រកាសពីវិធានការកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ។ របាយការណ៍បានឲ្យដឹងថា ប្រទេសថៃ គឺជាអ្នកនាំចូលផលិតផលត្រីដ៏ធំពីប្រទេសជប៉ុន។
ជាមួយគ្នានេះ អគ្គលេខាធិការរង FDA លោក Lertchai Lertvut បានរាយការណ៍ថា អ្នកប្រើប្រាស់មិនគួរព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេឡើយ ព្រោះថា FDA នាយកដ្ឋានជលផល នគរបាលប្រឆាំងគ្រឿងញៀន និងវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែររបស់ប្រទេសថៃ កំពុងធ្វើការត្រួតពិនិត្យជាប្រចាំនូវគ្រឿងសមុទ្រ ដែលនាំចូលទាំងអស់។
កាលពីថ្ងៃព្រហស្បតិ៍ ជប៉ុន បានចាប់ផ្តើមបញ្ចេញចោលទឹកដែលបានព្យាបាលពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រតិបត្តិកររបស់រោងចក្រនុយក្លេអ៊ែរ TEPCO បានអះអាងថា បានបន្សុទ្ធទឹកនៃសារធាតុ radionuclides ទាំងអស់លើកលែងតែសារធាតុ tritium ដែលនៅតែស្ថិតក្នុងដែនកំណត់ដែលអនុញ្ញាត។
ទីក្រុងតូក្យូ បានឲ្យដឹង កាលពីដើមឆ្នាំនេះថា ខ្លួនត្រូវបញ្ចេញទឹក ដែលបានព្យាបាល ដោយសារវាត្រូវការជាបន្ទាន់ ដើម្បីបង្កើនទំហំទំនេរ នៅរោងចក្រនុយក្លេអ៊ែរ ។ ទង្វើនេះបានប្រឈមមុខនឹងការរិះគន់ពីប្រទេសមួយចំនួន រួមទាំងប្រទេសចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលភ័យខ្លាចការបំពុល ដោយវិទ្យុសកម្ម។
កន្លងមកទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិបានឲ្យដឹងថា សកម្មភាពរបស់ទីក្រុងតូក្យូ គឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយទឹកសំណល់នឹង មានផលប៉ះពាល់វិទ្យុសកម្មតិចតួចដល់មនុស្ស និងបរិស្ថាន៕
ប្រែសម្រួល ឈូក បូរ៉ា