ហ្សាការតា ៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ ហៅកាត់ថា (EMSC) បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៧.០ រ៉ិចទ័រ បានវាយប្រហារយ៉ាងជ្រៅ នៅក្នុងសមុទ្រស្ថិត នៅភាគខាងជើងនៃកោះ Bali និងកោះ Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបានជម្លៀស អ្នកស្រុកឲ្យចេញពីអគារ ។
មជ្ឈមណ្ឌល EMSC បានឲ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ២០៣គីឡូម៉ែត្រនៅភាគខាងជើងនៃទីក្រុង Mataram ប្រទេសឥណ្ឌូនេស៊ី និងជ្រៅបំផុត ដែលមានជម្រៅ៥១៦គីឡូម៉ែត្រនៅក្រោមផ្ទៃផែនដី ។
ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក បានកំណត់កម្រិត៧.១រ៉ិចទ័រ ដោយមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនៅឡើយទេ ។
យោងតាមទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះត្រូវបានគេដឹងនៅមុនម៉ោង៤ទៀបភ្លឺនៅទូទាំងតំបន់ឆ្នេរលើកោះ Bali និងកោះ Lombok ហើយត្រូវបានបន្តមានការរញ្ជួយដី២ទៀត គឺកម្រិត៦,១និង៦,៥រ៉ិចទ័រ នេះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា