តូក្យូ ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួនបានផ្អាកប្រតិបត្តិការ នៅក្នុងរោងចក្រដំឡើង រថយន្តចំនួន១២ ក្នុងចំណោមរោងចក្រចំនួន១៤ របស់ក្រុមរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដោយសារបញ្ហាប្រព័ន្ធកុំព្យូទ័រ ។
យោងតាមអ្នកនាំពាក្យ របស់ក្រុមហ៊ុនផលិត រថយន្តជប៉ុន រោងចក្រទាំងនោះមិនអាច ធ្វើការបញ្ជាទិញគ្រឿងបន្លាស់ រថយន្តបានទេចាប់ពីនៅថ្ងៃអង្គារនេះ ហើយនៅគ្រាដែលប្រតិបត្តិការ នឹងបន្តនៅតែមិនទាន់ច្បាស់នៅឡើយ ។
ក្រុមហ៊ុនផលិតរថយន្តបានឲ្យដឹងថា រោងចក្រទាំងអស់នៅទូទាំងខ្សែផលិតកម្មចំនួន២៥ ត្រូវបានរងផលប៉ះពាល់ លើកលែងតែរោងចក្រ Miyata នៅក្នុងខេត្ត Fukuoka និងរោងចក្រ Kyoto របស់ក្រុមហ៊ុន Daihatsu Motor Co ។
កាលពីខែកុម្ភៈឆ្នាំមុន ក្រុមហ៊ុន Toyota បានជួបប្រទះនឹងការផ្អាកមួយថ្ងៃ នៅរោងចក្ររបស់ខ្លួនទាំងអស់ក្នុងប្រទេស បន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក Kojima Industries Corp. បានទទួលរងការ បរាជ័យនៃប្រព័ន្ធ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា