ហាណូយ៖ វៀតណាម បានទាក់ទាញការវិនិយោគបរទេស ដែលប៉ាន់ស្មានជិត ១៨,១៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ កើនឡើង ៨,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគរបស់ប្រទេសនៅថ្ងៃអង្គារនេះ។
ក្នុងអំឡុងពេលនោះ វៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន ១,៩២៤ដែលមានដើមទុនចុះបញ្ជីសរុបជាង ៨,៨៧ ពាន់លានដុល្លារ កើនឡើង ៦៩,៥ភាគរយជាបរិមាណ និង ៣៩,៧ ភាគរយនៃដើមទុនពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រទេសនេះក៏បានឃើញគម្រោង FDI ប្រតិបត្តិការចំនួន ៨៣០ ដែលបង្កើនដើមទុនចំនួន ៤,៥៤ ពាន់លានដុល្លារជាសរុបក្នុងរយៈពេល ៨ខែ ដែលធ្លាក់ចុះ ៣៩,៧ ភាគរយជាតម្លៃបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងបានឲ្យដឹងថា ចាប់ពីខែមករាដល់ខែសីហា ដើមទុន FDI ដែលត្រូវបានបញ្ចេញនៅក្នុងប្រទេសមានចំនួនសរុប ១៣,១ ពាន់លានដុល្លារ កើនឡើង ១,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេស និងតំបន់ដែលមានគម្រោងវិនិយោគ ដែលទើបទទួលបានអាជ្ញាប័ណ្ណថ្មីក្នុងប្រទេសវៀតណាម ក្នុងអំឡុងពេលនោះ សិង្ហបុរី គឺជាប្រភពដើមទុនចុះបញ្ជីធំជាងគេ ដែលមាន ២,៤៥ ពាន់លានដុល្លារ បន្ទាប់មកប្រទេសចិន ដែលមាន ១,៨៨ ពាន់លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា