បរទេស៖ មហាសេដ្ឋីម្ចាស់ ក្រុមហ៊ុន Foxconn គឹ លោក Terry Gou ស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple បានចូលប្រគួតប្រជែងតំណែង ប្រធានាធិបតីកោះតៃវ៉ាន់ ដើម្បីនាំមកនូវសន្តិភាពជាមួយប្រទេសចិន និង ការពារកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ពីការក្លាយជាកូនអុកខាង ភូមិសាស្ត្រនយោបាយនៅក្នុងជម្លោះបង្ហូរ ឈាមជាមួយប្រទេសជិតខាងធំជាង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Gou បាននិយាយក្នុងសុន្ទរកថា មួយដែលប្រកាសបេក្ខភាព របស់លោកកាលពីថ្ងៃចន្ទក្នុងទីក្រុងតៃប៉ិថា កោះតៃវ៉ាន់ថា «កោះតៃវ៉ាន់មិនត្រូវក្លាយជាអ៊ុយក្រែននោះទេ ហើយខ្ញុំនឹងមិនទុកឲ្យតៃវ៉ាន់ក្លាយជាអ៊ុយក្រែនបន្ទាប់នោះដែរ»។ “ខ្ញុំអង្វរប្រជាជនតៃវ៉ាន់ឲ្យផ្តល់ពេលឱ្យខ្ញុំបួនឆ្នាំ។ ខ្ញុំសន្យាថានឹងនាំសន្តិភាព៥០ឆ្នាំមកច្រកសមុទ្រតៃវ៉ាន់»។ លោកបានសន្យាប្តេជ្ញានឹងកសាងមូលដ្ឋាននៃ “ការទុកចិត្តគ្នាទៅវិញទៅមក” ជាមួយទីក្រុងប៉េកាំង ។
លោក Gou ដែលមានអាយុ ៧២ឆ្នាំបានក្លាយជាបេក្ខភាពទី៤ ដែលបានចូលប្រកួតប្រជែង សម្រាប់ការបោះឆ្នោតតំណែង ប្រធានាធិបតីកោះតៃវ៉ាន់ក្នុងខែមករា។ លោក Gou បានបរាជ័យក្នុងការទទួលបានការតែងតាំង គណបក្សប្រឆាំងដ៏ធំគឺ Kuomintang (KMT) ដូចលោកបានធ្វើបន្ទាប់ពីលាលែងពីតំណែងជាប្រធាន Foxconn ក្នុងឆ្នាំ ២០១៩ ប៉ុន្តែលោកបានសម្រេចចិត្តឈរឈ្មោះនៅពេលនេះដោយឯករាជ្យ។
ប្រសិនបើលោកមិនអាចបង្រួបបង្រួមកង កម្លាំងប្រឆាំងបានទេ គឺលោកប្រថុយនឹងការបំបែកសន្លឹកឆ្នោត ដោយបើកទ្វារសម្រាប់ការទទួលជ័យជម្នះ យ៉ាងងាយស្រួលដល់អនុប្រធានាធិបតីបច្ចុប្បន្នលោក William Lai ដែលជាបេក្ខជនគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច៕
ប្រែសម្រួលៈ ណៃ តុលា