ព័ត៌មានអន្តរជាតិ

វៀតណាមប្រឆាំង និងហៅសមយុទ្ធយោធា របស់កោះតៃវ៉ាន់ នៅកោះ Spratly ថាជាសមយុទ្ធខុសច្បាប់

ប្រភព៖AFP

បរទេស៖ វៀតណាមទាមទារឱ្យតៃវ៉ាន់ លុបចោលជាអចិន្ត្រៃយ៍ នូវសមយុទ្ធយោធាខុសច្បាប់ របស់ខ្លួននៅប្រជុំកោះ Truong Sa (ប្រជុំកោះ Spratly)។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយកាលពីថ្ងៃចន្ទថា “ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនទឹកជុំវិញ Itu Aba ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly របស់វៀតណាម គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព ទឹកដីរបស់វៀតណាម ចំពោះប្រជុំកោះទាំងនេះ បានគំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាពដែនសមុទ្រ និងសន្តិសុខ ព្រមទាំងបង្កើនភាពតានតឹង និងភាពស្មុគស្មា នៅសមុទ្រខាងកើត ។ សមុទ្រខាងកើតត្រូវបាន គេស្គាល់ជាអន្តរជាតិថា ជាសមុទ្រចិនខាងត្បូង ។

លោកស្រីបានបន្ថែមថា «វៀតណាមប្រឆាំងដាច់ខាតចំពោះទង្វើនេះ ហើយសុំកោះតៃវ៉ាន់កុំឲ្យមានការបំពានស្រដៀងគ្នានេះទៀត»។

សារព័ត៌មាន VN Express បានផ្សាយថា Itu Aba ឬ Ba Binh ជាភាសាវៀតណាម គឺជាកោះធម្មជាតិ ដ៏ធំបំផុតនៅក្នុងប្រជុំកោះ Spratly របស់ប្រទេសវៀតណាម ។ កោះតៃវ៉ាន់ បានកាន់កាប់កោះដោយខុសច្បាប់ ដោយការដាក់ពង្រាយកម្លាំងយោធានៅទីតាំងនោះ។

ក្នុងឆ្នាំ ២០០០ កោះតៃវ៉ាន់បានប្តូរយោធភូមិរបស់ខ្លួននៅលើ Itu Aba ជាមួយនឹងអង្គភាពដែលបំពាក់ ដោយកាំភ្លើងយន្ត កាំភ្លើងត្បាល់រយៈចម្ងាយឆ្ងាយ និងអាវុធផ្សេងៗទៀត។ អង្គភាពនេះតែងតែធ្វើសមយុទ្ធបាញ់គ្រាប់ពិតខុសច្បាប់នៅជុំវិញ Itu Aba ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top