ថ្ងៃទី២៩ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា តបតាមការអញ្ជើញរបស់លោក WangYi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកJames Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសនិងការអភិវឌ្ឍអង់គ្លេស នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។
លោក Wang Wenbin បានលើកឡើងថា ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងតួអង្គសេដ្ឋកិច្ចសំខាន់លើពិភពលោក ប្រទេសចិននិងអង់គ្លេស មានទំនួលខុសត្រូវរួមដែលជំរុញសន្តិភាពនិងការអភិវឌ្ឍដោយស្ថិរភាពលើពិភពលោក ការគាំពារនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យបានល្អ គឺសមស្របទៅនឹងផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំង២។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកJames Cleverlyនៅប្រទេសចិន ភាគីទាំង២នឹងផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅ អំពីទំនាក់ទំនងរវាងប្រទេសចិន និងអង់គ្លេស និងបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលរួមគ្នាយកចិត្តទុកដាក់ សង្ឃឹមថា ភាគីអង់គ្លេស អាចរួមជាមួយភាគីចិន ប្រកាន់ខ្ជាប់ស្មារតីគោរពគ្នាទៅវិញទៅមក ផ្លាស់ប្តូរដោយស៊ីជម្រៅ បង្កើនការយោគយល់ចំពោះគ្នា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិន និងអង់គ្លេស ឱ្យអភិវឌ្ឍដោយស្ថិរភាព៕ រូបភាពនិងអត្ថបទដោយវិទ្យុមិត្តភាពកម្ពុជា