កាធុម៖ អគ្គមេបញ្ជាការ នៃកងកម្លាំង ប្រដាប់ អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan បានឲ្យដឹងថា លោកនឹងមិនឈាន ដល់កិច្ចព្រមព្រៀង ណាមួយជាមួយកងកម្លាំងគាំទ្រ រហ័សប៉ារ៉ាយោធា (RSF) នោះទេ។
លោក Al-Burhan បានធ្វើការកត់សម្គាល់ នៅពេលនិយាយទៅកាន់ទាហាន នៃមូលដ្ឋានទ័ពជើងទឹក Flamingo នៅក្នុងតំបន់ យោធា នៃតំបន់សមុទ្រក្រហម នៅភាគខាងកើត ប្រទេសស៊ូដង់ នេះបើយោងតាមក្រុមប្រឹក្សា អធិបតេយ្យភាពបណ្តោះអាសន្ន របស់ប្រទេសស៊ូដង់ ។
លោក Al-Burhan បានលើកឡើងថា “នឹងមិនមានកិច្ចព្រមព្រៀង ជាមួយភាគីណាមួយ ដែលក្បត់ប្រជាជនស៊ូដង់នោះទេ ហើយកិច្ចខិតខំប្រឹងប្រែង នឹងត្រូវផ្តោតលើការ កម្ចាត់សត្រូវ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកបានសង្កត់ធ្ងន់ថា SAF នឹងបន្តសង្រ្គាមប្រឆាំងនឹង “កងជីវពលឧទ្ទាម” ដែលលោកបានលើកឡើងថា “បានធ្វើភេរវកម្មដល់ប្រជាពលរដ្ឋ រំលោភលើភាពបរិសុទ្ធរបស់ពួកគេ និងលួចលុយ និងទ្រព្យសម្បត្តិរបស់ពួកគេ”។
លោក Al-Burhan ដែលជាប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព អន្តរកាលរបស់ប្រទេសស៊ូដង់ បានមកដល់កំពង់ផែស៊ូដង់ កាលពីថ្ងៃអាទិត្យ។នៅថ្ងៃទី២៤ ខែសីហា លោកបានបង្ហាញខ្លួន ជាលើកដំបូងនៅខាងក្រៅទីស្នាក់ការកណ្តាល នៃអគ្គបញ្ជាការរបស់ SAF និងក្រសួងការពារជាតិ ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមស៊ីវិលជាកន្លែង ដែលលោកបានត្រួតពិនិត្យទីតាំងរបស់កងទ័ព នៅក្នុងទីក្រុង Omdurman ភាគខាងជើងនៃរដ្ឋធានីកាធុម។
ស៊ូដង់បាននិងកំពុងឃើញ ការប៉ះទង្គិចគ្នាដោយប្រដាប់ អាវុធដ៏សាហាវរវាង SAF និង RSF នៅទីក្រុងកាធុម និងតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី១៥ ខែមេសា ដែលបានបណ្តាលឱ្យមនុស្សជាង ៣០០០នាក់បានស្លាប់ និងជាង ៦០០០នាក់បានរងរបួស នេះបើយោងតាមក្រសួង សុខាភិបាលស៊ូដង់៕
ប្រែសម្រួល ឈូក បូរ៉ា