ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើសង្រ្គាមលើរុស្ស៊ី រហូតដល់ដំណាក់ កាលចុងក្រោយ របស់អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ ផ្នែកយោធាមួយផ្សេងទៀត សម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ២៥០លានដុល្លារ រួមទាំងកាំភ្លើងធំ គ្រាប់ការពារអាកាស និងឧបករណ៍បោសសម្អាតមីន ក្នុងចំណោមឧបករណ៍ផ្សេងៗទៀត ។ ការផ្ទេរសព្វាវុធចុងក្រោយនេះ កើតឡើងនៅពេលដែលទីក្រុងគៀវ ព្យាយាមវាយប្រហារលើទីក្រុងនានា របស់រុស្ស៊ី ដែលជាផ្នែកមួយ នៃការវាយលុករដូវក្តៅដ៏លំបាករបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេស អាមេរិក បានបញ្ជាក់អំពីជំនួយថ្មីនេះ កាលពីថ្ងៃអង្គារដោយកត់សម្គាល់ថា អ៊ុយក្រែននឹងទទួលបានគ្រាប់កាំភ្លើង បន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS មីស៊ីលការពារដែន អាកាស AIM-9M, អាវុធបាញ់ចេញពីលើស្មារ Javelin និងអាវុធប្រឆាំងរថក្រោះផ្សេងទៀត ព្រមទាំងគ្រាប់សម្រាប់អាវុធធុនតូចចំនួន ៣ លានគ្រាប់ ។

ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន ក្រោយមកបានថ្កោលទោស ការផ្ទេរសព្វាវុធនេះថាជា “ការលាក់ពុត” ដោយនិយាយថា មន្ត្រីសហរដ្ឋអាមេរិក “នឹងមិនបោះបង់គំនិត នៃការប្រយុទ្ធជាមួយរុស្ស៊ី រហូតដល់ដំណាក់កាល ចុងក្រោយរបស់អ៊ុយក្រែន” ។

ស្ថានទូតបានបន្តភ្ជាប់ជំនួយ ទៅនឹងការអត្ថាធិប្បាយថ្មីៗរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក Mitt Romney ដែលបានប្រកាសថា ជំនួយរបស់អាមេរិក ចំពោះទីក្រុងគៀវកំពុងជួយ “ចុះខ្សោយ” ទាំងរុស្ស៊ី និងចិនក្នុងតម្លៃចរចា ដោយហៅរកជំនួយនេះថាជា “ការចំណាយការពារជាតិ ដ៏ល្អបំផុតដែលខ្ញុំគិតថា យើងធ្លាប់ធ្វើ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top