ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ បានព្រមានថា មនុស្សរាប់សែននាក់កំពុងត្រូវបានបង្ខិតបង្ខំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក្រុមឧក្រិដ្ឋជនឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធើរណេត ដែលជារឿយៗស្ថិតនៅក្រោមការគំរាមកំហែងនៃការធ្វើទារុណកម្ម ។
UN បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា មនុស្សជាច្រើននាក់ត្រូវបានគេជួញដូរឱ្យធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ ហើយប្រឈមមុខនឹងការរំលោភដ៏ធ្ងន់ធ្ងរ ដូចជា ការធ្វើទារុណកម្ម ឬអំពើហិង្សាផ្លូវភេទជាដើម ។
លោក Volker Turk ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងថា “អ្នកដែលត្រូវបានបង្ខិតបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការបោកប្រាស់ទាំងនេះ ស៊ូទ្រាំនឹងការប្រព្រឹត្តដោយអមនុស្សធម៌ ខណៈដែលត្រូវបានបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម” ។
លោកបានបញ្ជាក់ថា “ពួកគេជាជនរងគ្រោះ ។ ពួកគេមិនមែនជាឧក្រិដ្ឋជននោះទេ” ។
របាយការណ៍បានកត់សម្គាល់ថា ទំហំ នៃការវាយប្រហារនៅក្នុងអាស៊ីអាគ្នេយ៍ គឺពិបាកក្នុងការវាស់ស្ទង់ដោយសារតែលក្ខណៈនៃការលាក់កំបាំង និងចន្លោះប្រហោងក្នុងការឆ្លើយតបរបស់អាជ្ញាធរ ។
យ៉ាងណាមិញ របាយការណ៍បានឲ្យដឹងថា ប្រភពដែលអាចជឿទុកចិត្តបានបានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ១២០.០០០នាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា អាចនឹងត្រូវបានឃុំខ្លួននៅក្នុងស្ថានភាពដែលពួកគេត្រូវបានគេបង្ខំឱ្យអនុវត្តការបោកប្រាស់តាមអ៊ីនធើរណេត ។
បើតាមការប៉ាន់ស្មាននៅក្នុងប្រទេសកម្ពុជា មានចំនួនប្រហែល១០ម៉ឺននាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា