បរទេស៖ យោធាអាមេរិក បានចាប់ផ្តើមកម្មវិធីមួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យា “យន្តហោះគ្មានមនុស្សបើកជាក្រុម” ដោយស្វែងរកការដាក់ពង្រាយ យន្តហោះគ្មានមនុស្ស (UAV) ជាច្រើនទាំងផ្នែកនៅលើដី សមុទ្រ និងនៅលើអាកាស ។ មន្ត្រីរបស់មន្ទីរបញ្ចកោណបាននិយាយដោយលើកឡើងថា ប្រព័ន្ធថ្មីនេះមានបំណងសម្រាប់ជម្លោះនាពេលអនាគតជាមួយប្រទេសចិន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសមាគមឧស្សាហកម្មការពារជាតិ (NDIA) នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Kathleen Hicks បានបញ្ជាក់អំពីកម្មវិធីអាវុធដែលត្រូវបានគេហៅថា “អ្នកចម្លង” ដែលមានបំណងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងក្នុងពេលដំណាលគ្នា។
លោកស្រីបាននិយាយថា ខណៈពេលដែលយោធាអាមេរិកនៅតែទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធដែល “ធំ ល្អប្រណិត ថ្លៃ និងតិចតួច” វាបានយឺតយ៉ាវក្នុងការទទួលយកប្រព័ន្ធដែល “តូច ឆ្លាត ថោក និងច្រើន” និងងាយស្រួលផលិតដូចជា យន្តហោះគ្មានមនុស្សបើក។
លោកស្រី Kathleen Hicks បានអះអាងថា យោធាចិនមានយោធាល្អ «ច្រើន» ជាងកងកម្លាំងអាមេរិក, មាន«នាវាច្រើនជាង», មានមីស៊ីលច្រើនជាង, មានប្រជាជនច្រើនជាង” និងបានសង្កត់ធ្ងន់លើតម្រូវការដើម្បីយកឈ្នះលើអត្ថប្រយោជន៍ទាំងនោះជាមួយនឹងប្រព័ន្ធអាវុធប្រកបដោយភាពច្នៃប្រឌិត៕ ប្រែសម្រួលៈ ណៃ តុលា