ព័ត៌មានអន្តរជាតិ

វិបត្តិ សភាជាតិថៃ

ប្រទេសថៃ គ្រប់គ្រងដោយស្ថាប័ននីតបញ្ញត្តិ (ប្រព័ន្ធរដ្ឋសភា) បើប្រទេសគ្រប់គ្រងដោយប្រព័ន្ធរដ្ឋសភាត្រូវតែមានបក្សប្រឆាំង ប្រសិនបើមិនមានបក្សប្រឆំាក្នុងសភាទេនោះ វិបត្តិរដ្ឋសភានឹងកើតមានឡើង។ យោងតាមច្បាប់រដ្ឋធម្មនុញ្ញថៃ មាត្រា១០៦ បានបញ្ជាក់ថា នៅពេលដែលមាននាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី នោះព្រះមហាក្សត្រ នឹងតែងតាំងបក្សប្រឆាំង ដែលមានសមាជិកច្រើនបំផុត។

ច្បាប់រដ្ឋធម្មនុញ្ញថៃ បានបញ្ជាក់ទៀតថាបក្សប្រឆាំងមិនត្រូវមានតំណែង តួនាទីក្នុងរដ្ឋសភា ដូចជា ប្រធានសភា អនុប្រធានសភា ឬរដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រី នៅពេលនេះគណបក្ស កាវក្លៃ មានតំណែងអនុប្រធានសភាទី១ ហេតុដូច្នេះមិនអាចទៅជាបក្សប្រឆាំងបានទេ។
ដូចអ្វីដែលលោក ភិថា លីមចារើនរ៉ាត់ ប្រធានគណបក្សកាវក្លៃ បានបញ្ជាក់ជាច្រើនលើកមកហើយថាគណបក្សលោកនៅតែរក្សាតំណែងអនុប្រធានសភាទី១ និងមិនទទួលយកតំណែងជាគណបក្សប្រឆាំងនោះទេ។

ដោយគណបក្ស កាវក្លៃ មានតួនាទីជាអនុប្រធានទី១ រដ្ឋសភា តាមច្បាប់មិនអាចទៅជាបក្សប្រឆាំងបានទេ មានបក្សបន្ទាប់នោះគឺជាគណបក្ស ប្រាឆាធិប៉ាត់ (អតីតបក្សរបស់លោក អាប់ភីស៊ិត វ៉េឆាជីវ៉ា) ដែលមាន ២៥សម្លេងក្នុងរដ្ឋសភា ប៉ុន្តែបច្ចុប្បន្នគណបក្សមួយនេះនៅមិនទាន់មានប្រធាននោះទេ មានត្រឹមតែប្រធានស្តីទី តាមច្បាប់ត្រូវមានប្រធានបក្សផ្លូវការ អញ្ចឹងបានន័យថាគណបក្ស ប្រាឆាធិប៉ាត់ មិនអាចធ្វើជាបក្សប្រឆាំងបានទេ។

គណបក្ស ថៃសាងថៃ មាន ៦សម្លេង ដោយសារតែប្រធានបក្សបានបោះបង់កៅតំណាងរាស្ត្រចោលទៀត មិនអាចទៅជាបក្សប្រឆាំងបានទេ។ បើអាចទៅរួចលុះត្រាតែសមាជិកតំណាងរាស្ត្រគណបក្ស ថៃសាងថៃ បោះឆ្នោតជ្រើសរើសប្រធានបក្សថ្មី។
រដ្ឋសភាជាតិថៃត្រូវមានបក្សប្រឆាំងទើបដំណើរទៅបាន តែបើនៅមិនទាន់មានបក្សប្រឆាំង នោះរដ្ឋសភា ត្រូវជាប់គាំង នយោបាយប្រទេសថៃនិងជួបវិបត្តិ៕

ដោយ៖ Tomato

To Top