ព័ត៌មានអន្តរជាតិ

មេដឹកនាំអាល្លឺម៉ង់ ចង់ឲ្យការដឹកជញ្ជូនអាវុធឲ្យអ៊ុយក្រែន អាចធ្វើឡើងបានភ្លាមៗ

រូបភាពពី៖​ AFP

បរទេស៖ ប្រទេសអាល្លឺម៉ង់ បានដាក់ផែនការក្នុងការផ្តោតយកចិត្តទុកដាក់សំខាន់ ទៅលើការងារផ្គត់ផ្គង់ឲ្យកងកម្លាំងយោធាអ៊ុយក្រែន នូវអាវុធមួយចំនួនបូករួមទាំងកាំភ្លើងធំ និងគ្រាប់រំសេវព្រមទាំងប្រព័ន្ធការពារអាកាសផងនេះ បើយោងតាមការអះអាងដោយអធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz។

យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដីរបស់លោក Olaf បានឲ្យដឹងទៀតថា ការលើកឡើងរបស់មេដឹកនាំអាល្លឺម៉ង់ រូបនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបិទជិតមួយ នៅក្នុងរដ្ឋាភិបាលដឹកនាំប្រទេសរបស់លោកកាលពីថ្ងៃពុធម្សិលមិញនេះ។

សេចក្តីថ្លែងការណ៍របស់លោក Scholz ដែលបានសង្កត់ធ្ងន់ទៅលើបំណងរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ថា រាល់កញ្ចប់អាវុធថ្មីៗដែលត្រូវផ្តល់ឲ្យអ៊ុយក្រែន ចាំបាច់ត្រូវតែអាចធ្វើឡើងបានភ្លាមៗ និងមានប្រសិទ្ធភាពពីព្រោះថា នេហគឺជាការចង់បានដោយពលរដ្ឋអាល្លឺម៉ង់ ភាគច្រើន។

លោក Scholz បន្តទៀតថា៖ ជាការពិតណាស់អាល្លឺម៉ង់ គឺជាប្រទេសអ្នកផ្គត់ផ្គង់អាវុធធំជាងគេបំផុតទី២ឲ្យអ៊ុយក្រែន បន្ទាប់ពីអាមេរិកហើយបន្ថែមពីអាវុធដែលធ្លាប់ផ្តល់កន្លងមកអាល្លឹម៉ង់ នឹងផ្គត់ផ្គង់អាវុធថ្មីៗ ជាច្រើនផ្សេងទៀតឲ្យរដ្ឋាភិបាលទីក្រុងគៀវ៕ ប្រែសម្រួល៖ស៊ុនលី

To Top