ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ គោលនយោបាយ ការបរទេស របស់សភាអង់គ្លេស ហៅកោះតៃវ៉ាន់ថាជា ប្រទេសឯករាជ្យ

ប្រភព៖AFP

បរទេស ៖ គណៈកម្មាធិការ គោលនយោបាយការបរទេស របស់សភាអង់គ្លេស បានពណ៌នាកោះតៃវ៉ាន់ថាជា “ប្រទេសឯករាជ្យរួចហើយ ក្រោមឈ្មោះ សាធារណរដ្ឋចិន (ROC)” ។ ការមើលងាយទៅលើក្រុងប៉េកាំង ដែលទាមទារអធិបតេយ្យភាពលើកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានកើតឡើង ខណៈរដ្ឋមន្ត្រីការបរទេស អង់គ្លេសលោក James Cleverly បានមកដល់ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ច ដែលមានបំណងកែប្រែទំនាក់ទំនង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយលើកោះតៃវ៉ាន់ ត្រូវបានបញ្ចូលក្នុង របាយការណ៍ ស្តីពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់ចក្រភពអង់គ្លេសដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ ប្រធានគណៈកម្មាធិការគឺ លោកស្រី Alicia Kearns បានប្រាប់សារព័ត៌មាន Politico ថា វាជាលើកទីមួយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដែលសមាជិកសភាអង់គ្លេស បានគាំទ្រដោយបើកចំហ ចំពោះការទាមទារឋានៈរដ្ឋរបស់កោះតៃវ៉ាន់នៅក្នុងឯកសារផ្លូវការមួយ ។

លោកស្រី Kearns បាននិយាយថា “យើងទទួលស្គាល់ជំហររបស់ចិន ប៉ុន្តែយើងមិនទទួលយកវានោះទេ” ។ លោកស្រីបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសលោក Cleverly គួរតែ “ឈរយ៉ាងខ្ជាប់ខ្ជួន និងនិយាយទាក់ទងនឹងកោះតៃវ៉ាន់”។

លោក Cleverly រដ្ឋមន្រ្តីការបរទេស អង់គ្លេស បានមកដល់ប្រទេសចិន កាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ច ដែលរំពឹងទុកជាយូរមកហើយ ដែលមានបំណងជួសជុលការ បែកបាក់ការទូតរវាងប្រទេសទាំងពីរ ។ លោកគឺជាមន្ត្រីអង់គ្លេសលំដាប់ខ្ពស់បំផុត ដែលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ក្នុងរយៈពេល៥ឆ្នាំ ហើយគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងអនុប្រធានាធិបតីលោក Han Zheng ៕
ប្រែសម្រួលៈ ណៃ តុលា

To Top