ព័ត៌មានអន្តរជាតិ

អរិយធម៌ មិនត្រូវបែងចែកឋានៈខ្ពស់ទាប ឬល្អអាក្រក់ឡើយ

ចាប់តាំងអំពីមនុស្ស យើងចេះដឹង និងចេះគិតមក ក៏បានបង្កើតជាក្រុមគ្រួសារ និងកុលសម្ព័ន្ធ លុះចំណេរតមក ក៏បង្កើតជាទំនៀមទម្លាប់ និងរបៀបរបបរស់នៅ តាមបែបខុសៗគ្នា ហើយពិសេសគឺបង្កើតបាននូវអរិយធម៌ វប្បធម៌ និងភាសា តាមប្លុករស់នៅរៀងៗខ្លួន ។

ក្នុងន័យនេះ មិនថាប្រទេស ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ឬរាប់រយឆ្នាំនោះទេ គឺសុទ្ធតែមានអរិយធម៌ ដែលបង្ហាញពីអត្តសញ្ញាណជាតិរៀងៗខ្លួន បើទោះបីជាប្រទេស ដែលបានបំបែកខ្លួនពីគ្នាក្តី ក៏រមែងតែមានភាព ខុសប្លែកគ្នាខ្លះៗ ផងដែរ តួយ៉ាងដូចជាប្រទេសសិង្ហបុរី និងម៉ាឡេស៊ីជាដើម ។

ដោយសារតែមានអរិយធម៌ខុសៗ គ្នាតាមជាតិសាសន៍ នីមួយៗ ដូច្នេះទើបបានធ្វើឱ្យពិភពលោក យើងមានភាពចម្រុះបែប តែទន្ទឹមនឹងនេះ ក៏បាននាំមកនូវភាពមិនចុះចម្រុង មួយចំនួន ខាងអរិយធម៌ផងដែរ ដែលសឹងតែកើតមាន ការរើសអើងខាងពូជសាសន៍ និងការប្រទូសរ៉ាយខាង សាសនាទៀតផង ។

ដោយមើលឃើញពីភាពបែកខ្ញែក នៃពិភពលោកនិងការកើនឡើង នៃភាពមិនចុះសម្រុងគ្នា ឬសឹងតែឈានដល់ការប៉ះទង្គិចគ្នា រវាងអរិយធម៌មួយចំនួន ដែលតម្រូវឱ្យមានយន្តការឬគំនិតផ្តួចផ្តើម ជាលក្ខណៈសកលដើម្បីដើរតួនាទីសម្រុះសម្រួល ផ្សះផ្សា និងប្រមូលផ្តុំគំនិតឯកភាពរួម ទើបបានជាលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានលើកឡើងនូវគំនិតផ្តួចផ្តើម អរិយធម៌សកល ដើម្បីរួមចំណែក ជាផែនការ ពុទ្ធិ និងកម្លាំងចិនក្នុង ន័យជំរុញការសន្ទនា រវាងអរិយធម៌ទីទៃគ្នា បញ្ចៀសការប៉ះទង្គិច ហើយចុងក្រោយបំផុត ឈានដល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា អរិយធម៌នៃប្រទេសនីមួយៗមានលក្ខណៈពិសេសនិងឧត្តមភាពរៀងៗខ្លួន យើងមិនអាចតម្កល់ អរិយធម៌របស់ខ្លួនលើអរិយធម៌ របស់អ្នកដទៃនោះទេ ពោលគឺអរិយធម៌ មិនត្រូវបែងចែកឋានៈខ្ពស់ទាបឬល្អអាក្រក់ឡើយ ដូចពាក្យចិនពោលថា «ផ្ការីកតែមួយទង មិនអាចចាត់ទុកថាជារដូវផ្ការីកទេ ផ្ការីករាប់រយរាប់ពាន់ទង ទើបជារដូវផ្ការីក» ដែលមានន័យថាអ្វីៗគ្រប់យ៉ាងគួរលម្អគ្នាទៅវិញទៅមក ប្រសិនជាមាន ផ្ការីកតែមួយទង ឬផ្កាទាំងអស់សុទ្ធតែមានសណ្ឋានតែមួយ និង មានតែមួយពណ៌គត់ នោះវាគ្មានភាពទាក់ទាញទេ លុះត្រាតែវាមាន ពណ៌ចម្រុះនិង សណ្ឋានខុសៗគ្នាទើបអាចរំលេចពីភាព ស្រស់ស្អាតនិងលក្ខណៈពិសេសរៀងៗខ្លួន ។

យ៉ាងណាមិញ ដោយសារតែមាន អរិយធម៌ដែលមានភាពខុសប្លែកគ្នា ទើបបានញ៉ាំងឱ្យពិភពលោកមានភាពចម្រុះបែប ។ មិនថាអរិយធម៌លោកខាងលិច ឬលោកខាងកើត សុទ្ធតែជាកេរដំណែលដ៏វិសេសវិសាល ដែលបុព្វបុរសបានបន្សល់ទុកមក ដែលជាអត្តសញ្ញាណនៃជាតិសាសន៍នីមួយៗ ។ អាស្រ័យហេតុនេះ ការលើក តម្កើង អរិយធម៌និងវប្បធម៌ របស់ប្រទេសជាតិ ខ្លួនវាជារឿងត្រឹមត្រូវ តែមិនត្រូវចាត់ទុកអរិយធម៌ របស់ខ្លួនជាធំលើសគេ ហើយរើសអើង ស្អប់ខ្ពើមអរិយធម៌ នៃជាតិសាសន៍ដទៃនោះឡើយ ។ មានតែការគោរពអរិយធម៌គ្នា ទៅវិញទៅមក ទើបយើងអាចរៀនសូត្រ ពីភាពល្អផូរផង់ នៃអរិយធម៌រៀងៗគ្នា ដើម្បីឱ្យអរិយធម៌គ្រប់ជាតិ សាសន៍មានភាពចុះសម្រុងនិងរួមរស់នៅ ដោយសុខដុមរមនា ។

កន្លងមក បញ្ហារើសអើង ពូជសាសន៍បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់សង្គមមនុស្សជាតិ ។ ជនជាតិស្បែកសមួយចំនួន តែងចាត់ទុកខ្លួនមាន «ឋានៈ» ខ្ពស់ជាងជនជាតិស្បែកខ្មៅ ដែលនាំឱ្យកើតចេញ ជាការស្អប់ខ្ពើម និងការចងគំនុំខាងពូជសាសន៍ បង្កឱ្យកើតមានការប្រទូសរ៉ាយ រហូតដល់បណ្តាល ឱ្យមានមនុស្សស្លាប់ និងរងរបួសយ៉ាងច្រើន ។ ផ្នត់គំនិតបែបនេះបានចាក់ស្រែះ ក្នុងសង្គមនៃប្រទេសមួយចំនួន វាជាហានិភ័យលាក់កំបាំង ដែលអាចនឹងផ្ទុះបញ្ហាធ្ងន់ធ្ងរគ្រប់ពេល ។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់លើកឡើងថា «សុខដុមនីយកម្មសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋ» ។ ជាការពិតណាស់ ទាំងអតីតកាលនិងបច្ចុប្បន្នកាល បញ្ហាអស្ថិរភាព និងអសន្តិសុខសង្គមបានកើតឡើង ដោយសារជម្លោះសាសនានៅប្រទេសមួយចំនួន ដែលតម្រូវឱ្យធ្វើកិច្ចខិតខំប្រឹង ប្រែងក្នុងការជំរុញការយោគយល់ និងបរិយាបន្នផ្នែកអរិយធម៌ ដែលបូកបញ្ចូលទាំងជាតិ សាសន៍ និងសាសនាផងដែរ ។ ប្រសិនបើការរើសអើង និងការចងគំនុំនៅតែបន្តស្ថិតមាន នោះអាចនឹងបណ្តាលឱ្យកើតមានបញ្ហាធ្ងន់ធ្ងរ ដែលបាត់ការគ្រប់គ្រង នៅថ្ងៃណាមួយជាមិនខាន ។

ពិភពលោកយើងមានជាង ២០០ ប្រទេសនិងតំបន់ សរុបជាង ២៥០០ ជនជាតិនិងមានសាសនាច្រើន ។ កត្តាប្រវត្តិសាស្ត្រនិងលក្ខខណ្ឌប្រទេសមិនដូចគ្នា ជាតិសាសន៍និងទំនៀម ទម្លាប់ទីទៃគ្នា បានបង្កើតជាអរិយធម៌ខុសៗគ្នា ។ មានតែប្រកាន់ខ្ជាប់នូវទស្សនៈអរិយធម៌ ដែលប្រកបដោយសមភាព រៀនសូត្រពីគ្នា សន្ទនា សហប្រតិបត្តិការ និងបរិយាបន្ន ទើបអាចធ្វើឱ្យអរិយធម៌ មានភាពចម្រុះបែបនិងឈាន ដល់ការធ្វើសុខដុមនីយកម្មជនជាតិ និងសាសនាដែលជាកត្តាដ៏សំខាន់ សម្រាប់ការរក្សាស្ថិរភាពនិង សន្តិភាពនៃប្រទេសជាតិ តំបន់និងពិភពលោក ៕ អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិក នៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top