ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គន្លឹះនៃ “មធ្យោបាយ ប្រាស្រ័យទាក់ទងថ្មី”ស្ថិតនៅត្រង់ថា ភាគីអាមេរិក នឹងធ្វើយ៉ាងម៉េច នៅជំហានបន្ទាប់

កាលពីថ្ងៃទី៣០ ខែសីហា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម អាមេរិក បានបញ្ចប់ ដំណើរទស្សនកិច្ចអស់ រយៈពេល៤ ថ្ងៃនៅប្រទេសចិន ។ នេះគឺអ្នកនយោបាយសំខាន់ របស់អាមេរិក រូបទី៤ ដែលទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចាប់ពីខែមិថុនាឆ្នាំនេះមក ។
ពេលវាយតម្លៃអំពីដំណើរ ទស្សនកិច្ចរបស់លោកស្រី Gina Raimondo លើកនេះ មតិអន្តរជាតិនាំគ្នា កត់សម្គាល់ឃើញថា ចិននិងអាមេរិកបានប្រកាស “បង្កើតមធ្យោបាយ ប្រាស្រ័យទាក់ទងថ្មី” ហើយសម្គាល់ថា នេះនឹងមានអំណោយផលដល់ “ការកាត់បន្ថយការយល់ច្រឡំ” ។ លោកស្រី Gina Raimondo ក៏សម្តែងអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា ” មិនស្វែងរកការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន”នោះទេ ហើយសង្ឃឹមថា សហគ្រាសអាមេរិក អាចវិនិយោគទុន នៅប្រទេសចិន ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា “មធ្យោបាយប្រាស្រ័យ ទាក់ទងថ្មី” នឹងមានអំណោយផល ដល់ចិននិងអាមេរិក ក្នុងការប្រាស្រ័យទាក់ទងនិង ផ្លាស់ប្តូរថែមមួយកម្រិតទៀត ប៉ុន្តែបើចង់ឱ្យវា ដើរតួនាទីយ៉ាងពិតប្រាកដ នោះនៅត្រូវមើលប្រតិបត្តិការ ជាក់ស្តែងរបស់ភាគីអាមេរិក ។

អ្នកផងទាំងពួងរំពឹងទុកថា ភាគីអាមេរិកនឹងអនុវត្តយ៉ាងប្រាកដ ប្រជានូវអាកប្បកិរិយាដែល “មិនផ្តាច់ទំនាក់ទំនង” នេះមិនត្រឹមតែសម្រេច ដោយធាតុពិត នៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវ ការជាក់ស្តែង នៃមជ្ឈដ្ឋានឧស្សាហកម្មនិង ពាណិជ្ជកម្មចិន និងអាមេរិកផងដែរ ដែលមានអំណោយផល ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចចិន និងអាមេរិក ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ។ អ៊ីចឹង តើភាគីអាមេរិកត្រូវធ្វើយ៉ាងណា ទើបអាចអនុវត្ត យ៉ាងប្រាកដ ប្រជានូវអាកប្បកិរិយាដែល “មិនផ្តាច់ទំនាក់ទំនង” ?

ក្រុងវ៉ាស៊ីនតោន ត្រូវធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវ ចំពោះការយល់ដឹង ជាមូលដ្ឋាន ពោលគឺគួរតែយល់ច្បាស់ថា ធាតុពិតនៃទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ គ្មានអ្នកណាខាតអ្នកណាចំណេញនោះទេ ។
ចាប់ពីឆ្នាំ ២០១៨មក សហរដ្ឋអាមេរិក បានដំឡើងពន្ធគយខ្ពស់ចំពោះទំនិញចិនជាបន្តបន្ទាប់ ប៉ុន្តែទំហំពាណិជ្ជកម្ម រវាងចិននិងអាមេរិក នៅឆ្នាំ២០២២ បានឡើងដល់ជិត៧សែន៦ម៉ឺនលានដុល្លារ អាមេរិក ដែលបានបំបែកកំណត់ត្រា ខ្ពស់ថ្មី ក្នុងប្រវត្តិសាស្ត្រ ។ នៅឆ្នាំ២០២៣ មានសហគ្រាសអាមេរិក ចំនួនលើសពី៧ម៉ឺន បានវិនិយោគទុន និងប្រកបអាជីពនៅប្រទេសចិន ហើយទីផ្សារជិត៩០ភាគរយ បានសម្រេចបានចំណេញ នៅប្រទេសចិន ។
តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មាន CNN អាមេរិកឱ្យដឹងថា សហគ្រាសអាមេរិកបានបង្កើត បណ្តាញផលិតកម្មដ៏ធំធេងនៅប្រទេសចិន ហើយពឹងផ្អែក ទៅលើអ្នកប្រើប្រាស់ របស់ចិនយ៉ាងខ្លាំង។ នេះ គឺបង្ហាញពីការរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅ នៃឧស្សាហកម្មចិន និងអាមេរិកនិង ការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញ ទៅមកនិង ឈ្នះ-ឈ្នះខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយក៏ជាមូលហេតុផ្ទាល់ ដែលមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្ម អាមេរិកមិនយល់ព្រម “ផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិនដែរ ។

អាចឃើញថា ការដែលភាគីអាមេរិក បញ្ឈប់ភ្លាមនូវការ ធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទៅជាកិច្ចការនយោបាយនិងកិច្ចការសន្តិសុខ គឺជាបញ្ហាសំខាន់បំផុត នាពេលបច្ចុប្បន្ន ។ ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងប្រឈមមុខ នឹងបញ្ហាអតិផរណានិង វិបត្តិបំណុលដុល្លារអាមេរិកជាដើម ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ វាមិនអាចឃ្លាតពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិននោះទេ ។
អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើឥឡូវនេះ គឺលុបចោលក្នុងពេលឆាប់ៗ នូវពន្ធគយដែលតម្លើងចំពោះប្រទេសចិន បន្ធូរបន្ថយការរឹតបន្ដឹង ទៅលើការនាំចេញ ចំពោះប្រទេសចិន លុបចោលការដាក់ទណ្ឌកម្ម ទៅលើសហគ្រាសចិន ដើម្បីបង្កបង្កើតលក្ខខណ្ឌ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងវិនិយោគខាងពាណិជ្ជកម្ម នៃសហគ្រាសប្រទេសទាំងពីរ ។ ក្នុងនោះ ក៏បូករួមទាំងការប្រើប្រាស់ “មធ្យោបាយប្រាស្រ័យ ទាក់ទងថ្មី”ដែលបង្កើតឡើង លើកនេះឱ្យបានល្អ ។

ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាយុថ្កាសម្រាប់លំនឹង នាវានៃទំនាក់ទំនងរវាងចិន និងអាមេរិក ។ រំពឹងទុកថា នឹងចាត់ទុកការបង្កើត “មធ្យោបាយប្រាស្រ័យទាក់ទងថ្មី” ជាទីចាប់ផ្តើមថ្មី ភាគីអាមេរិក ត្រូវបង្ហាញពីភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហា ដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិក មានភាពល្អប្រសើរ និងភាពនឹងនរ ក៏ដូចជាជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ បន្ទាប់ពីលោកស្រី Gina Raimondo បញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិន ទូទាំងពិភពលោកសុទ្ធតែកំពុងមើលថា ភាគីអាមេរិកនឹងធ្វើយ៉ាងម៉េច នៅជំហានបន្ទាប់៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជា

To Top