ព័ត៌មានអន្តរជាតិ

អាមេរិក ​ចោទកាន់​រុស្ស៊ី ​ក្នុង​ការ​ចរចា​ ទិញ​អាវុធពីកូរ៉េខាងជើង

រូបភាព៖ Kyodo

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានឲ្យដឹងថា រុស្ស៊ី កំពុងពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីទទួលបានអាវុធពីប្រទេសអាស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលជាការចោទប្រកាន់មួយក្រុម ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៃសមាជិកអង្គការសហប្រជាជាតិបានឲ្យដឹងថា នឹងជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធរណេតថា “យើងមានព័ត៌មានថ្មី ដែលការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងសកម្ម” ។

លោក Kirby បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្លាស់ប្តូរសំបុត្រ “សន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី” ចាប់តាំងពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu ទៅកាន់ទីក្រុងព្យុងយ៉ាង។

លោកបានបន្ដថា “កិច្ចព្រមព្រៀងសព្វាវុធណាមួយ រវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានដោយផ្ទាល់នូវដំណោះស្រាយមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេសបានបន្ដថា “រុស្ស៊ី កំពុងចរចារកិច្ចព្រមព្រៀងដ៏មានសក្តានុពល សម្រាប់បរិមាណសំខាន់ៗ និងអាវុធច្រើនប្រភេទពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន” នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield៕

ប្រែសម្រួល ឈូក បូរ៉ា

To Top