ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោង​បង្ហាញ​ កញ្ចប់​ជំនួយ​សម្រាប់ ​វិស័យ​ជលផល​ ចំពេល​មានការ​ហាម ឃាត់​របស់​ចិន

ប្រភព៖ Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានសន្យា នៅថ្ងៃព្រហស្បតិ៍នេះថា នឹងចងក្រងកញ្ចប់សង្គ្រោះ សម្រាប់ឧស្សាហកម្មនេសាទ ដែលអាចរងផលប៉ះពាល់ ដោយការហាមឃាត់ របស់ប្រទេសចិនលើអាហារសមុទ្រជប៉ុន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ពីរោងចក្រថាមពល នុយក្លេអ៊ែរហ្វូគូស៊ីម៉ា

លោក គីស៊ីដា បានទៅទស្សនកិច្ចផ្សារត្រី Toyosu របស់ទីក្រុងតូក្យូ ដើម្បីផ្លាស់ប្តូរទស្សនៈជាមួយអ្នកលក់ដុំគ្រឿងសមុទ្រ អំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមាន នៃការហាមឃាត់ការនាំចូល ដែលដាក់ ដោយប្រទេសចិន និងហុងកុង ដែលជាទីផ្សារចម្បង សម្រាប់វិស័យនេសាទជប៉ុន ។

អាជីវករលក់ដុំម្នាក់ បានប្រាប់លោក គីស៊ីដា ថាការលក់ទៅហុងកុង បានធ្លាក់ចុះប្រហែល ៩០ភាគរយ ដោយសារតែការបង្ហូរទឹកនេះ ។ ទីក្រុងហុងកុង ដែលជាតំបន់ពាក់កណ្តាល ស្វយ័តរបស់ប្រទេសចិន បានហាមឃាត់ការនាំចូលអាហារសមុទ្រពីហ្វូគូស៊ីម៉ា និងខេត្តចំនួន ៩ផ្សេងទៀត នៅក្នុងប្រទេសជប៉ុន។

បន្ទាប់ពីបានទស្សនកិច្ចទីផ្សារ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា លោកត្រូវបានស្នើសុំ ដោយអ្នកលក់ដុំឱ្យជួយ ពង្រីកផ្លូវលក់របស់ពួកគេ រួមទាំងការស្វែងរកទិសដៅនាំចេញថ្មី និងដើម្បីដោះស្រាយការចរចា ជាមួយរដ្ឋាភិបាលចិន ដើម្បីដោះស្រាយបញ្ហានេះ ។

លោក គីស៊ីដា បានឲ្យដឹងដោយសំដៅដល់ប្រទេសចិនថា “យើងនឹងទាមទារយ៉ាងខ្លាំង ឱ្យមានការលុបចោលការហាម ឃាត់ការនាំចូលដែលមិនផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹក ដែលបានព្យាបាល ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហា សមុទ្រប៉ាស៊ីហ្វិក បើទោះបីជាមានការប្រឆាំង ពីជលផលក្នុងស្រុក និងប្រទេសចិនក៏ដោយ ។ រោងចក្រ​នេះ​ត្រូវ​បាន​បំផ្លាញ ​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១១ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top