ព័ត៌មានអន្តរជាតិ

ប្រមុខយូអិនព្រមានថា ​រដ្ឋប្រហារ​យោធា ​គ្រាន់តែ​ធ្វើឱ្យ​វិបត្តិ​ កាន់តែ​អាក្រក់​ឡើង ជំរុញឲ្យមាន​អភិបាលកិច្ច ​តាមបែប​ប្រជាធិបតេយ្យ

ប្រភព៖ Xinhua

យូអិន ៖ ថ្លែងទៅកាន់ក្រុមរដ្ឋប្រហារ ជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដែលគ្របដណ្តប់លើទ្វីបអាហ្រ្វិក អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres ​ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបង្កើតអភិបាលកិច្ច ប្រជាធិបតេយ្យយូរអង្វែង ដែលគាំទ្រដោយនីតិរដ្ឋ ។

ការចូលកាន់កាប់យោធា កាលពីថ្ងៃពុធនៅប្រទេសហ្គាបុង បានកើតឡើងបន្ទាប់ប្រទេសនីហ្សេរីយ៉ា កាលពីខែមុន ប៊ូគីណាហ្វាសូក្នុងឆ្នាំ២០២២ និងប្រទេសឆាដ ហ្គីណេ ស៊ូដង់ និងម៉ាលីកាលពីប៉ុន្មានឆ្នាំមុននោះ។

ការចូលកាន់អំណាច របស់យោធាហ្គាបុង ត្រូវបានប្រកាសមិនយូរប៉ុន្មានទេ បន្ទាប់ពីអាជ្ញាធររៀបចំការបោះឆ្នោតបានប្រកាសថា ប្រធានាធិបតីលោក Ali Bongo បានធានាអាណត្តិមួយទៀត ទោះបីជាមានការចោទប្រកាន់ពីភាព មិនប្រក្រតីនៃការបោះឆ្នោតក៏ដោយ។

ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មាននៅទីស្នាក់ការអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Guterres បាននិយាយថា “ប្រទេសជាច្រើន ប្រឈមមុខនឹងបញ្ហាអភិបាលកិច្ចយ៉ាងស៊ីជម្រៅ។ ប៉ុន្តែរដ្ឋាភិបាលយោធា មិនមែនជាដំណោះស្រាយទេ” ។

លោកបានបន្ថែមថា “ពួកគេធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ពួកគេមិនអាចដោះស្រាយវិបត្តិបាននោះទេ ពួកគេគ្រាន់តែអាចធ្វើឱ្យវាកាន់តែអាក្រក់ទៅៗ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានអង្គការសហប្រជាជាតិ បានអំពាវនាវដល់ប្រជាជាតិនានាឱ្យធ្វើសកម្មភាពភ្លាមៗក្នុងការរៀបចំប្រព័ន្ធប្រជាធិបតេយ្យដែលអាចទុកចិត្តបាន និងរក្សានីតិរដ្ឋ។ លោក Guterres បានចង្អុលបង្ហាញពីភាពចាំបាច់នៃការផ្តល់អំណាចដល់អង្គការអន្តរជាតិដូចជាសហភាពអាហ្រ្វិក ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅអាហ្វ្រិក។

ជាងនេះទៅទៀត លោកបាន សង្កត់ធ្ងន់ថា ការបង្កើតបរិយាកាស ដែលអាចឱ្យប្រជាជនអាហ្រ្វិក អាចដោះស្រាយនូវហេតុផលមូលដ្ឋាន នៃភាពចលាចលផ្នែកនយោបាយ គឺជារឿងសំខាន់ ដោយមានការអភិវឌ្ឍន៍តិចតួច គឺជាអ្នករួមចំណែកចម្បង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top