វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនមានកំហុស ចំពោះការចោទប្រកាន់ពីបទ ប៉ុនប៉ងផ្តួលរំលំការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០ របស់លោកនៅក្នុងរដ្ឋ ហ្សកហ្ស៊ី ។
លោក ត្រាំ បានឲ្យដឹងនៅក្នុងឯកសារ តុលាការមួយនៅតុលាការ ជាន់ខ្ពស់នៃខោនធី Fulton ថា “ដូចដែលបានបង្ហាញ ឱ្យឃើញដោយហត្ថលេខារបស់ខ្ញុំ ខាងក្រោម ខ្ញុំសូបញ្ជាក់លើការកាត់ក្តីជាផ្លូវការ ហើយបញ្ចូលពាក្យសុំរបស់ខ្ញុំថា មិនមានកំហុស ចំពោះការចោទប្រកាន់ ក្នុងករណីនេះទេ” ។
លោកត្រាំ និងមនុស្ស ១៨ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី១៤ ខែសីហា ជុំវិញការចោទប្រកាន់ថា បានខិតខំប្រឹងប្រែង ដើម្បីលុបចោលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ នៅរដ្ឋហ្សកហ្ស៊ី។
លោកត្រូវបានចោទប្រកាន់ចំនួន ១៣ករណី រួមទាំងការបំពានច្បាប់រដ្ឋ ការញុះញង់មន្ត្រីសាធារណៈឱ្យបំពានពាក្យសម្បថរបស់លោក ឃុបឃិតក្លែងបន្លំជាមន្ត្រីសាធារណៈ ឃុបឃិតក្នុងការក្លែងបន្លំសញ្ញាបត្រទី១ និងសមគំនិតក្នុងការដាក់ឯកសារមិនពិត។
ចៅក្រមតុលាការកំពូលនៃខោនធី Fulton លោក Scott McAfee បានកំណត់សវនាការ សម្រាប់លោក ត្រាំ និងជនជាប់ចោទផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងសម្រាប់ថ្ងៃទី០៦ ខែកញ្ញា។ ការបញ្ជាក់របស់លោកនោះមានន័យថា អតីតប្រធានាធិបតីសាធារណរដ្ឋរូបនេះ នឹងមិនបង្ហាញខ្លួននៅក្នុងតុលាការនៅសប្តាហ៍ក្រោយ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់នោះទេ។
មេធាវីរបស់លោក ត្រាំ ក៏បានស្នើឱ្យចៅក្រមបំបែកសំណុំរឿងរបស់លោក ចេញពីសហចុងចោទ មួយចំនួនរបស់លោក ដែលបានស្វែងរកការកាត់ក្តីយ៉ាង ឆាប់រហ័សក្នុងសំណុំរឿងនេះ។
លោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខគេក្នុងការបោះឆ្នោត បឋមប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ ត្រូវបានចោទប្រកាន់ ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ ដែលពីរករណីដោយក្រសួងយុត្តិធម៌ និងពីរដោយរដ្ឋអាជ្ញានៅញូវយ៉ក និងហ្សកហ្ស៊ី ដាច់ដោយឡែកពីគ្នា។ ករណីហ្សកហ្ស៊ី ជាសំណុំរឿងព្រហ្មទណ្ឌទី៤ ដែលត្រូវលើកឡើង ប្រឆាំងនឹងរូបលោក៕
ប្រែសម្រួល ឈូក បូរ៉ា