ព័ត៌មានអន្តរជាតិ

សង្គ្រាម​នៅ​ស៊ូដង់ ​អាច​នឹង​បង្ក​ឱ្យ​មាន ​ការ​បែកបាក់​គ្នា ​ប្រសិន​បើ​មិន​ត្រូវ ​បាន​ដោះស្រាយ

ប្រភព៖ AFP

កាធុម ៖ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព អន្តរកាលរបស់ប្រទេសស៊ូដង់ និងជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់ អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan បានឲ្យដឹងថា សង្គ្រាមបច្ចុប្បន្ន អាចនាំទៅដល់ការបែកបាក់ នៃប្រទេស ប្រសិនបើមិនត្រូវ បានដោះស្រាយ។

លោក Al-Burhan បានធ្វើការកត់សម្គាល់ នៅពេលថ្លែងទៅកាន់មេដឹកនាំប៉ូលីស ស៊ូដង់នៅទីក្រុង Port Sudan ដែលជារដ្ឋធានីនៃរដ្ឋ Red Sea នៅភាគខាងកើតប្រទេសស៊ូដង់ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក​បានបន្ដ​ថា​ “​សង្គ្រាម​ដ៏​ក្ដៅគគុក​នា​ពេល​បច្ចុប្បន្ន ​អាច​នឹង​បង្ក​ឱ្យ​មានការ​បែកបាក់​នៃ​ប្រទេស​ស៊ូដង់ ប្រសិនបើ​មិន​បាន​ដោះស្រាយ​ឱ្យ​បាន​លឿន​តាម​តម្រូវការ​ទេនោះ”​ ។ លោកបានសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់ SAF ក្នុងការបញ្ចប់សង្រ្គាម ដោយអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យរៀបចំខ្លួន សម្រាប់ការរៀបចំក្រោយសង្គ្រាម ។

ទន្ទឹម​នឹង​នេះ លោក​បាន​អំពាវនាវ​ដល់​អ្នក​ប្រយុទ្ធ ​នៃ​កង​កម្លាំង​គាំទ្រ​រហ័សរហួន (RSF) ឲ្យដាក់​អាវុធ​របស់​ពួកគេចុះ ដើម្បីសន្ដិភាពផងដែរ។មេទ័ពស៊ូដង់ បានលាតត្រដាងបន្ថែមទៀតថា RSF បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅទីក្រុង Darfur និងទីក្រុងកាធុម ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីទទួលខុសត្រូវ ចំពោះអ្នកទទួលខុសត្រូវ ។

ប្រទេសស៊ូដង់បាននិង កំពុងឃើញការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដ៏សាហាវរវាង SAF និង RSF នៅទីក្រុងកាធុម និងតំបន់ផ្សេងទៀតចាប់តាំង ពីថ្ងៃទី១៥ ខែមេសា ដែលបានបណ្តាល ឱ្យមនុស្សជាង ៣០០០នាក់បានស្លាប់ និងជាង ៦០០០នាក់បានរងរបួស នេះបើយោងតាមក្រសួង សុខាភិបាលស៊ូដង់។

មនុស្សជាង ៤,៥លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុង និងក្រៅប្រទេស ស៊ូដង់ ដោយសារតែជម្លោះ នេះបើយោងតាមការអាប់ដេត ចុងក្រោយដោយការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top