ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្ដជប៉ុន អាមេរិក កូរ៉េខាងត្បូង បន្តដាក់ទណ្ឌកម្មកូរ៉េខាងជើង ក្រោយការបាញ់បង្ហោះផ្កាយរណបចារកម្ម

រូបភាពពី៖​ KYODO

តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ដូចជាការបង្កកទ្រព្យសម្បត្តិលើបុគ្គល និងអង្គការនានា ដើម្បីជាការឆ្លើយតបទៅនឹងការប៉ុនប៉ងបរាជ័យរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបាញ់បង្ហោះផ្កាយរណបយោធាកាលពីសប្តាហ៍មុន។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន កាលពីថ្ងៃសុក្របានសម្រេចចិត្តជ្រើសរើសបុគ្គលចំនួន ៤ នាក់ បុរសជនជាតិអង់គ្លេសម្នាក់ បុរសជនជាតិចិនម្នាក់ និងបុរសពីរនាក់មកពីប្រទេសកូរ៉េខាងជើង និងក្រុមចំនួន ៣ រួមទាំងក្រុម Hacker កូរ៉េខាងជើង និងក្រុម Andariel ជាគោលដៅបង្កកទ្រព្យសម្បត្តិថ្មី។

កូរ៉េខាងត្បូង ​ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​កូរ៉េខាងជើង ​ដែល​មាន​ទំនាក់ទំនង​នឹង​កម្មវិធី​អភិវឌ្ឍន៍​សព្វាវុធ និង​បុគ្គល ​៥​នាក់​ផងដែរ។ ទីក្រុងសេអ៊ូល សង្ស័យថា អ្នកទាំង៥ បានជាប់ពាក់ព័ន្ធក្នុងការរៃអង្គាសថវិកា សម្រាប់សកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តសន្តិសុខជាមួយសហរដ្ឋអាមេរិក ហើយវិធានការណ៍ ដែលបានដាក់គឺស្ថិតក្នុងដំណាក់កាលជាមួយនឹងវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មបន្ថែមលើបុគ្គលពីរនាក់ទៀត គឺបុរសកូរ៉េខាងជើងម្នាក់ និងបុរសរុស្ស៊ីម្នាក់ ក៏ដូចជាក្រុមហ៊ុន Intellekt LLC របស់រុស្ស៊ី ដោយចោទប្រកាន់ថា ពួកគេបានជួយផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍអាវុធប្រល័យលោក និងមីស៊ីលផ្លោង។

វិធានការនេះធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់គ្រាប់រ៉ុក្កែតដឹកផ្កាយរណបឈ្លបយកការណ៍កាលពីថ្ងៃទី២៤ ខែសីហា ដែលមិនបានចូលទៅក្នុងគន្លងតារាវិថី ដោយសារតែកំហុសក្នុងប្រព័ន្ធបំផ្ទុះគ្រាអាសន្នរបស់ខ្លួន។ វាគឺជាការបាញ់បង្ហោះផ្កាយរណបយោធាកូរ៉េខាងជើងលើកទីពីរហើយ ដែលបរាជ័យបន្ទាប់ពីការបាញ់បង្ហោះ កាលពីខែឧសភា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top