ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico៖ អ៊ុយក្រែន នឹងទទួលបានរថក្រោះប្រយុទ្ធ M1 Abrams របស់អាមេរិក នៅរយៈពេលប៉ុន្មានសប្តាហ៍ទៀត

រូបភាពពី៖​ AFP

បរទេស៖ ការដឹកជញ្ជូនលើកដំបូង នៃរថក្រោះប្រយុទ្ធ M1 Abrams ដែលផលិតដោយសហរដ្ឋអាមេរិក គ្រោងនឹងទៅដល់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ដោយមន្ត្រីមន្ទីរបញ្ចកោណបានប្រាប់សារព័ត៌មាន Politico ដោយកត់សម្គាល់ថា រថក្រោះចំនួន ១០គ្រឿង ក្នុងចំណោមរថក្រោះចំនួន ៣១ គ្រឿងដែលបានសន្យាជាមួយទីក្រុងកៀវ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ចប់ការជួសជុល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយនឹងកងទ័ពអ៊ុយក្រែន រាប់សិបនាក់ បានបញ្ចប់ការហ្វឹកហាត់ទៅលើការប្រើប្រាស់រថក្រោះអាមេរិក, ការដឹកជញ្ជូនលើកដំបូងត្រូវបានគេរំពឹងថា នឹងកើតឡើងនៅពាក់កណ្តាលខែកញ្ញា ។ នេះបើយោងតាមមន្ត្រីការពារជាតិដែលមិនបញ្ចេញឈ្មោះ និងប្រភពមួយផ្សេងទៀតដែលដឹងអំពីការពិភាក្សាដែលដកស្រង់ដោយសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីរូបនេះបានបន្ថែមថា រថក្រោះ M1 Abrams ទាំង ១០គ្រឿង ពេលនេះស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់ សម្រាប់ការជួសជុល និងកែកុនចុងក្រោយ។ ទាហានអ៊ុយក្រែនដែលត្រូវបានណែនាំអំពីអាវុធក៏បានហ្វឹកហាត់នៅមូលដ្ឋានជាច្រើនក្នុងប្រទេសអាឡឺម៉ង់ ជាកន្លែងដែលពួកគេនឹងបន្តរហូតដល់រថក្រោះរួចរាល់។

អ្នកនាំពាក្យកងទ័ពអាមេរិក លោក Martin O’Donnell បានប្រាប់ Politico ថា “សហរដ្ឋអាមេរិកប្តេជ្ញានឹងពន្លឿនការបញ្ជូនរថក្រោះ ៣១ គ្រឿងទៅឱ្យអ៊ុយក្រែន នៅរដូវស្លឹកឈើជ្រុះ” ដោយបន្ថែមថា កងទ័ពអ៊ុយក្រែន នឹងបន្តការហ្វឹកហ្វឺននៅមូលដ្ឋានទ័ពអាមេរិក នៅទីក្រុង Grafenwoehr ប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួលៈ ណៃ តុលា

To Top