បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន បានប្រតិបត្តិការគួរឲ្យកត់សំគាល់ទៅលើទីតាំងឈរជើងយ៉ាងរឹងម៉ាំរបស់រុស្សី ដែលស្ថិតនៅភាគខាងត្បូង។
ប្រភពដដែលបានអះអាងថា នេះគឺជាការលើកឡើងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយក្នុងនោះអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បាននិយាយថាការរុញច្រានទៅមុខ បានធ្វើឡើងគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះនៅភាគខាងត្បូងតំបន់ Zaporizhzhia។
កាលពីដើមសប្តាហ៍នេះ យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានដណ្តើមយកភូមិ Robotyne ក្នុងតំបន់ Zaporizhzhia ដោយឡែកនៅភាគឦសាន រុស្ស៊ី បានប្រមូលកម្លាំងយ៉ាងច្រើនដើម្បីដណ្តើមយកទឹកដីដែលអ៊ុយក្រែនបានរំដោះនៅភាគខាងកើតនៃក្រុង Kharkiv។
គួរឲ្យដឹងដែរថានៅភាគខាងត្បូង នេះប្រទេសរុស្ស៊ី ត្រូវបានសាងសង់ប្រព័ន្ធលេណដ្ឋាន និងផ្លូវរូងក្រោមដីដ៏ល្អិតល្អន់ ដែលត្រូវបានការពារដោយគ្រាប់មីន ក៏ដូចជាទីតាំងកាំភ្លើងធំ និងអ្វីដែលគេហៅថា “ធ្មេញរបស់នាគឬ Dragons’teeth” ព្រមទាំងរបាំងបេតុងប្រឆាំងរថក្រោះផងដែរ៕ប្រែសម្រួល៖ស៊ុនលី