ថ្ងៃទី៣១ខែសីហា លោកRahm Emanuelឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសជប៉ុនបានធ្វើដំណើរពិសេសទៅកាន់ទីក្រុងហ្វូគូស៊ីម៉ា ដើម្បីបរិភោគគ្រឿងសមុទ្រ និងផ្តល់ការគាំទ្រដល់ភាគីជប៉ុន ក្នុងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចុះផ្សាយអត្ថបទមួយនៅប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ដោយបាននិយាយថា អ៊ីចេះថា អ៊ីចុះចំពោះវិធានការឆ្លើយតបដ៏សមហេតុផលរបស់ប្រទេសចិន ហើយថែមទាំងបានមួលបង្កាច់ចិន ពីបទ”បំផ្លាញបរិស្ថានសមុទ្រ”ផង។ នៅថ្ងៃដដែល នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកTetsuro Nomura រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រទេសជប៉ុន បានហៅទឹកដែលបង្ហូរដោយរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាថា ជាទឹកវិទ្យុសកម្មនុយក្លេអ៊ែរ។
សូម្បីតែមន្ត្រីអាជ្ញាធរជប៉ុនក៏និយាយបែបនេះដែរ ប៉ុន្តែអាមេរិក នៅតែសម្តែងការពេញចិត្តចំពោះផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្ររបស់ជប៉ុន ហើយចាត់បញ្ជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅជប៉ុនទៅកាន់ហ្វូគូស៊ីម៉ា ដើម្បីសម្តែងផ្ទាល់ពីការបរិភោគគ្រឿងសមុទ្រហ្វូគូស៊ីម៉ា គឺកំពុងឌឺដងយ៉ាងច្បាស់ក្រឡែត។
អ្វីដែលកាន់តែចំអកចំអន់ជាងនេះទៅទៀត គឺយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រទេសជប៉ុន បង្ហាញថា អាមេរិក គឺជាប្រទេសដែលបានកាត់បន្ថយការនាំចូលផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទរបស់ជប៉ុន ច្រើនបំផុតក្នុងឆមាសទីមួយ នៃឆ្នាំ២០២៣ហើយតំបន់ផលិតអាហារសំខាន់ៗចំនួនបីដែលត្រូវបានកាត់បន្ថយជាចម្បង សុទ្ធតែស្ថិតនៅតំបន់ដែលរងផលប៉ះពាល់ដោយការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ។
អាមេរិកបណ្តែតបណ្ដោយឱ្យជប៉ុន បង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺជាប់ទាក់ទងយ៉ាងខ្លាំងជាមួយនឹងឋានៈរបស់ខ្លួនដែលជាអ្នកបំផ្លាញបរិស្ថានសមុទ្រ។ កាសែត«Los Angeles Times»របស់អាមេរិកធ្លាប់លាតត្រដាងថា កងទ័ពអាមេរិកបានចោលសារធាតុគីមីយ៉ាងច្រើនចូលទៅក្នុងសមុទ្រ។ កាសែត«Guardian»របស់អង់គ្លេសបានលាតត្រដាងនៅខែមីនាឆ្នាំ២០២៣ថា ក្រុមហ៊ុនឧស្សាហកម្មរដ្ឋកាលីហ្វ័រញ៉ាអាមេរិក បានចោលកាកសំណល់គីមីពុលចូលទៅក្នុងលំហរសមុទ្រជុំវិញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ក្រៅពីនេះ អាមេរិកក៏ជា”អ្នកផលិត”សំរាមប្លាស្ទិកក្នុងសមុទ្រពិភពលោកដ៏សំខាន់ផងដែរ។
បើមើលឱ្យកាន់តែស៊ីជម្រៅ ការដែលអាមេរិកបណ្តែតបណ្ដោយឱ្យជប៉ុន បង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺទាក់ទងទៅនឹងការផ្លាស់ប្តូរផលប្រយោជន៍សេដ្ឋកិច្ចនិងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។
បន្ទាប់ពីសង្គ្រាមលោកលើកទី២ រហូតមកដល់សព្វថ្ងៃនេះ អាមេរិកនិងជប៉ុនបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនក្នុងគម្រោងថាមពលនុយក្លេអ៊ែរស៊ីវិល។ អ្នកវិភាគយល់ឃើញថា មូលហេតុសំខាន់មួយដែលអាមេរិក”លាងជម្រះ”ផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុន គឺសង្ឃឹមថានឹងដោះស្រាយរឿងនេះក្នុងពេលឆាប់ៗ ហើយកុំឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការផ្នែកថាមពលនុយក្លេអ៊ែរ។
លើសពីនេះទៅទៀត អាមេរិកនៅមានការផ្លាស់ប្តូរផលប្រយោជន៍កាន់តែធំទៀតផង។ជប៉ុន ចង់ឆ្លៀតប្រើកម្លាំងរបស់អាមេរិក ដើម្បីទទួលបានការគាំទ្រពីអន្តរជាតិក្នុងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ចំណែកអាមេរិក វិញ គឺឆ្លៀតឱកាសរក្សាអនុត្តរភាពយោធារបស់ខ្លួននៅប្រទេសជប៉ុន ហើយធ្វើឱ្យជប៉ុន កាន់តែតាំងចិត្តក្នុងការដើរតួជាកូនអុកនៅក្នុងអ្វីដែលគេហៅថា”យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។
ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់មនុស្សជាតិទាំងមូល។ វាមិនមែនជាអ្វីដែលប្រទេសណាមួយបើក”ភ្លើងបៃតង” គឺអាចដំណើរការយ៉ាងរលូនបានឡើយ ហើយក៏មិនមែនជាការដែលពួកគេអាចបង្វែរក្រសែភ្នែកពីអន្តរជាតិដោយវាយប្រហារប្រទេសចិន នោះទេ។បន្ទាប់ពីប្រទេសជប៉ុនបានបង្ខំឱ្យបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ប្រទេសចិនបានចាត់វិធានការឆ្លើយតបវិញដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន ព្រមនិងបទប្បញ្ញត្តិពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក គឺសមហេតុផលនិងចាំបាច់ ហើយវាក៏ជាការរ៉ាង់រងទំនួលខុសត្រូវចំពោះការអភិរក្សបរិស្ថាន អេកូឡេស៊ីសមុទ្រពិភពលោកទាំងមូលនិងសុខភាពមនុស្សជាតិផងដែរ។
ប្រឈមមុខនឹងការពិត ការសម្តែងផ្ទាល់ធ្វើជាបរិភោគគ្រឿងសមុទ្រហ្វូគូស៊ីម៉ា របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសជប៉ុន មិនត្រឹមតែមិនអាច”លាងជម្រះ”ផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ភាគីជប៉ុន ប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីស្លាកស្នាមដិតដាមរបស់អាមេរិក និងជប៉ុន ក្នុងការបំផ្លាញបរិស្ថានសមុទ្រនិងបង្ហាញពីចេតនាអាក្រក់របស់អាមេរិក និងជប៉ុន ក្នុងការឃុបឃិតគ្នាដើម្បីបង្ករឿងដល់អាស៊ីប៉ាស៊ីហ្វិក ផងដែរ។នេះគួរឱ្យប្រទេសក្នុងតំបន់ត្រូវប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន