បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី គួរតែពង្រីកការសិក្សាភាសាចិន និងភាសាអាស៊ីផ្សេងទៀត ដោយសារការរីកចម្រើនរបស់ទ្វីបអាស៊ី នៅក្នុងសារៈសំខាន់ចំពោះកិច្ចការពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកពូទីនបានប្រាប់ក្រុមនិស្សិតជ័យលាភីចំនួន ៣០នាក់នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងមូស្គូដែលប្រារព្ធពិធីចាប់ផ្តើមឆ្នាំសិក្សាថ្មីថា “ដោយសារល្បឿននៃការអភិវឌ្ឍន៍នៃបណ្តាប្រទេសអាស៊ី មជ្ឈមណ្ឌល នៃជីវិតសេដ្ឋកិច្ច និងនយោបាយនឹងផ្លាស់ប្តូរបន្តិចម្តងៗទៅកាន់តំបន់ទាំងនេះ” ។ លោកថា វាជា«ដំណើរការដែលមិនអាចចៀសផុតពីគោលបំណងពិតប្រាកដ»។
លោកបានបន្ថែមថា វានឹងជាការល្អសម្រាប់និស្សិតរុស្ស៊ីក្នុងការរៀនភាសាចិន និងភាសាអាស៊ីផ្សេងទៀត ។
លោកប្រធានាធិបតី បានព្រមានថា ការរៀបចំវានឹងមិនមែនជាដំណើរការលឿនទេ ព្រោះវាទាមទារទាំងថវិកា និងគ្រូដែលមានសមត្ថភាព។
លោកពូទីនបាននិយាយទៀតថា “ប៉ុន្តែយើងនឹងធ្វើកិច្ចការនេះ ដោយពឹងផ្អែកលើមូលដ្ឋានគ្រឹះដែលបានសាងសង់កាលពីអតីតកាល ពីព្រោះការសិក្សានៅបូព៌ាក្នុងសហភាពសូវៀត និងឥឡូវនេះនៅក្នុងប្រទេសរុស្ស៊ីតែងតែមានកម្រិតខ្ពស់ ដូចដែលសហការីរបស់យើងទាំងអស់ដែលធ្វើការក្នុងវិស័យនេះបានទទួលស្គាល់” ៕ ប្រែសម្រួលៈ ណៃ តុលា