ព័ត៌មានអន្តរជាតិ

ប្រធានទីភ្នាក់ងារអវកាស៖ មីស៊ីលនុយក្លេអ៊ែរដែលបាញ់ បានឆ្ងាយបំផុតរបស់រុស្ស៊ី ត្រូវបានដាក់ឱ្យប្រើប្រាស់

AFP
" "

បរទេស៖ លោក Yury Borisov ប្រធានទីភ្នាក់ងារអវកាស Roscosmos បានប្រកាសថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដែលជាអាវុធនុយក្លេអ៊ែរដែលមាន សមត្ថភាពបំផុតរបស់រុស្ស៊ី ត្រូវបានអនុម័តដើម្បី ដាក់ឱ្យប្រើប្រាស់ហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអភិវឌ្ឍន៍ត្រូវបានបង្ហាញ កាលពីថ្ងៃសុក្រក្នុងអំឡុងពេលព្រឹត្តិការណ៍ Roscosmos ។ អាវុធ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ និង​ធ្ងន់​បំផុត​ក្នុង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​រុស្ស៊ី។

" "

យានដឹកជញ្ជូនដែលមាន មូលដ្ឋាននៅក្រោមដី ដែលជាការសាកល្បង ដំណាក់កាលចុងក្រោយ ដែលបានបញ្ចប់កាលពីឆ្នាំមុន គឺជាការជំនួសសម្រាប់មីស៊ីល R-36M2 Voevoda។ ចម្ងាយរបស់មីស៊ីលត្រូវបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ១១.០០០ ម៉ាយ (ប្រហែល ១៨.០០០ គីឡូម៉ែត្រ) ជាមួយនឹងបន្ទុកទម្ងន់ប្រហែល១០តោន។

" "

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរមីស៊ីល Sarmat ថា ផ្តល់ឱកាសថ្មីសម្រាប់ការកម្ចាត់ ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល។ ជាឧទាហរណ៍ មីស៊ីល ICBMs រយៈចម្ងាយខ្លីជាងនេះ អាចទៅដល់សហរដ្ឋអាមេរិកពីរុស្ស៊ីតែប៉ុណ្ណោះ ដោយហោះពីលើតំបន់អាក់ទិក ហើយសហរដ្ឋអាមេរិកមានឧបករណ៍ស្ទាក់ចាប់ តាមមូលដ្ឋានសម្រាប់ផ្លូវហោះហើរបែបនេះ។

លោក ពូទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា រុស្ស៊ីត្រូវបានបង្ខំឱ្យអភិវឌ្ឍអាវុធថ្មីនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានក្បត់សន្យា ដោយបដិសេធចំពោះការប្តេជ្ញាចិត្ត របស់ខ្លួនមិនបង្កើតប្រព័ន្ធ ABM ៕

ប្រែសម្រួលៈ ណៃ តុលា

To Top