ប៉េកាំង៖ សកម្មជនបរិស្ថានម្នាក់នៅប្រទេសហ្សំបៀរ បានឲ្យដឹងថា ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ គួរតែត្រូវបានថ្កោលទោស ព្រោះវានឹងមានផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែលើជីវិតសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់មនុស្សជាតិផងដែរ។
លោក Abel Kamfwa ស្ថាបនិកជំនាន់បៃតងហ្សំបៀរ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថា “សារធាតុគីមីដែលប្រទេសជប៉ុន បានបញ្ចេញទៅក្នុងមហាសមុទ្រ គឺមានគ្រោះថ្នាក់ដល់សត្វសមុទ្រ ហើយនៅទីបំផុតផលប៉ះពាល់នេះនឹងផ្លាស់ប្តូរពីប្រភេទសត្វសមុទ្រមកមនុស្សជាតិ និងប៉ះពាល់ដល់បរិស្ថាន”។
លោក Kamfwa បានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ទឹកដែលមានមេរោគនុយក្លេអ៊ែរ មានសក្តានុពលក្នុងការបង្កឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតសត្វសមុទ្រ ហើយអាចបង្កើនហានិភ័យ នៃជំងឺមហារីកនៅពេលទទួលទានដោយមនុស្ស។
លោកបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុន គួរតែពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនដោយសារតែផលវិបាកដ៏ធ្ងន់ធ្ងរដែលនឹងមានបន្ទាប់មក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Kamfwa បានលើកឡើងថា ប្រទេសជប៉ុន មិនគួរត្រូវបានយកចិត្តទុកដាក់ក្នុងការបំពេញ នូវផលប្រយោជន៍បច្ចុប្បន្នរបស់ខ្លួននោះទេ ប៉ុន្តែត្រូវពិចារណាពីផលប៉ះពាល់នាពេលអនាគត នៃសកម្មភាពរបស់ខ្លួន។
ខណៈពេលដែលជំរុញឱ្យប្រទេសជប៉ុន ពិចារណាវិធីជំនួស នៃការដោះស្រាយទឹកសំណល់កខ្វក់នោះ លោក Kamfwa បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ចប់ស្តង់ដារទ្វេរលើបញ្ហានេះ ហើយចូលរួមជាមួយពិភពលោកផ្សេងទៀត ដើម្បីថ្កោលទោសទង្វើរបស់ប្រទេសជប៉ុន៕ ប្រែសម្រួល ឈូក បូរ៉ា